គិតត្រឹមថ្ងៃទី២៨ខែកក្កដា នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង៣,៩៧ពាន់លាន
ដូសហើយ ស្មើនិឹង២៧,៦%។ ក្នុងរយៈពេល១ថ្ងៃ មានវ៉ាក់សាំងចំនួន ៣៤,៣២លានដូសបានចាក់ជូនពលរដ្ឋ ។
ប្រទេសដែលទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិន សម្រេចបានការចាក់វ៉ាក់សាំងជាង «១.៥៨ពាន់លានដូស» ជូនប្រជាជននៅទូទាំងប្រទេស។
គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ១.៥៨ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។
ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសពីនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ដោយ៖ធីរីណា
រូបថត៖Tân Hoa xã / AP.
រូបថត៖Reuters.