ចិនបានសន្យាថានឹងជួយដល់ក្រុមតាលីបង់ក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសអាហ្វហ្គានីស្ថានជាថ្មីឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមនៅតំបន់ភាគខាងកើត Turkestan (ETIM)។
សារព័ត៌មាន South China Morning Post បានផ្សាយថា ចិនបានសន្យាជួយដល់ក្រុមតាលីបង់ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមនេះកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាម ETIM ដែលជាក្រុមត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាក្រុមនៅពីក្រោយការវាយប្រហារនៅតំបន់ស៊ីនជាំង។
ការសន្យាខាងលើ ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកវ៉ាង យី លើកឡើងនៅក្នុងកិច្ចពិភាក្សាជាមួយគណៈប្រតិភូតាលីបង់ ដឹកនាំដោយលោកMullah Abdul Ghani Baradar ស្ថាបនិកបង្កើតក្រុមតាលីបង់ ដែលទៅកាន់ទីក្រុង Tianjin ប្រទេសចិននាថ្ងៃទី២៨ខែកក្កដា។ នេះជាលើកទីមួយហើយដែលមន្ត្រីជាន់ខ្ពស់ក្រុមតាលីបង់បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។
ជំនួបពិភាក្សាកើតឡើង ក្រោយពេលដែលក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានពាក់កណ្តាល ស្ថិតនៅជាប់តំបន់ព្រំដែនស៊ីនជាំងប្រទេសចិន៕ដោយ៖ធីរីណា
រូបថត៖HANDOUT.