ភ្នំពេញ, រដ្ឋបាលខេត្តសែនសុខបានបញ្ជាក់ថា, ដើម្បីបន្តទប់ស្កាត់ការពារកុំអោយរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣ : ៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយ ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់ ។
ប៉ុន្តែការជួបជុំ ប្រមូលផ្តុំដែលអាចលើកលែងមានដូចខាងក្រោម៖
-ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា
-ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយសំណាកសាកសពទៅវិភាគរកមេរោគកូវីដ–១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
-ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិក សុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរក មេរោគកូវីដ–១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩
-ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះរបន្ទាន់ផ្សេងទៀត។
-ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី
-ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ ក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ។
ដោយឡែក រាល់ការជួបជុំ ឬការប្រមូលផ្តុំជាលក្ខណៈឯកជនដែលត្រូវបានលើកលែង ខាងលើនេះ ត្រូវតេសរកមេរោគសិន និងត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស កាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code នឹងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ *៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ, សិលា