ខេត្តបន្ទាយមានជ័យ÷នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០៦និង៣០ នាទីព្រលប់នៅចំណុចភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពី លោកកែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចុះប្រតិបត្តិការបង្ក្រាបករណីលួច(យកម៉ូតូ )០១កករណីនិងបាននាំខ្លួនជន សង្ស័យ១ នាក់ឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ ៣៩ឆ្នាំមានទីលំនៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ក្រៅពីនោះបានដកហូតវត្ថុតាងមាន ម៉ូតូម៉ាកហុងដា ស្កុបពីពណ៌ ស ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AJ-6425(ជារបស់ជនរងគ្រោះ)ទៀតផង។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១៤និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ លីន បូរុំ ភេទស្រី អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ស ស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខ បាត់ដំបង1AJ-642 5 យកចេញទៅបាត់។
ក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតបានឈានទៅស្វែងរកឃេីញជនប្រព្រឹត្តិល្មេីសនិងបានឃាត់ខ្លួននៅឯខេត្តបន្ទាយមានជ័យតែម្តង។
បច្ចុប្បន្ននៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ វត្ថុតាងបានប្រគល់ឱ្យទៅជនរងគ្រោះវិញ។ ចំណែកជនសង្ស័យ ការិយាល័យជំនាញកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សូរិយា