អភិបាលខណ្ឌកំបូលបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់ ដោយមិនមានការលើកលែងចំពោះបុគ្គលដែលល្មើសនឹងបម្រាមគោចរឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដាក់បទបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់ ដោយមិនមានការលើកលែងចំពោះបុគ្គលដែលល្មើសនឹងបម្រាមគោចរ ឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបម្រាមគោចរជាថ្មីដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៩:០០នាទីយប់រហូតដល់ម៉ោង៣ ទៀបភ្លឺ ពីថ្ងៃទី៣០ខែកក្កដាដល់ថ្ងៃទី ១២ខែសីហា ដែលមានរយៈពេល១៤ថ្ងៃ។ នៅយប់ថ្ងៃទី៣០ខែកក្កដានេះដែរសម្រាប់ខណ្ឌកំបូល ដែលជាខណ្ឌជាយក្រុងក៏មិនខុសពីខណ្ឌដទៃទៀតដែរ គឺបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកដំណើរទាំងឡាយណាដែលល្មើសពីបម្រាមបានកំណត់ ដើម្បីមកធ្វើការសាកសួរ។
លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូលលោក ឃឹម ស៊ុនសូដា បានបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចដូចជា កម្លាំងនគរបាលកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ចំណុះរដ្ឋបាលខណ្ឌកំបូលដែលចុះអនុវត្តនូវបម្រាមគោចររបស់រាជរដ្ឋាភិបាលនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែងចំពោះបុគ្គលបំពានបម្រាមគោចរនេះឡើយ ។ បើមានបុគ្គលណាធ្វើសកម្មភាពតបតឬមានអាការស្រវឹងច្រងេងច្រងាងជាមួយសមត្ថកិច្ចមិនចូលរួមដោយប្រការណាមួយនោះ ត្រូវឃាត់ខ្លួនឬនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការអប់រំណែនាំឬពិន័យទៅតាមនីតិវិធី។
ជាមួយគ្នានោះអាជ្ញាធរខណ្ឌក៏បានបញ្ជាក់ផងដែរថា បើមានបុគ្គលណាល្មើសនឹងបម្រាមគោចរត្រូវសួរនាំឲ្យបានច្បាស់លាស់ថាតើគាត់មកពីណា ហើយទៅណា មានជាតិស្រវឹងដែរឬទេ បើមានបងប្អូនកម្មករកម្មការិនី ដែលទើបតែត្រឡប់មកពីបំពេញការងារនោះត្រូវពិនិត្យ មើលស្ថានភាពជាក់ស្ដែង ហើយណែនាំបន្ថែមដើម្បីឲ្យគាត់បានដឹងនិងអនុវត្តនូវបម្រាមគោចរនេះ និងអនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅលំនៅឋានរបស់គាត់ចុះ។
ជាមួយគ្នានោះលោកអភិបាលក៏បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់បន្តការងារត្រួតពិនិត្យនេះដោយបែងចែកវេនគ្នាជាប់ជាប្រចាំរហូតដល់ម៉ោង ៣ទៀបភ្លឺ ធ្វើយ៉ាងនេះទើបយើងអាចចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បាន ជាពិសេសជំងឺកូវីដ-១៩បំប្លែងថ្មីដែលកំពុងតែយាយីនៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថា៖ នៅគោលដៅត្រួតពិនិត្យបម្រាមគោចរ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូលនេះបានហៅអ្នកល្មើសប្រុសស្រីជាច្រើននាក់មកធ្វើការណែនាំ និងពិន័យទៅតាមនីតិវិធីនៃការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការអនុវត្តនូវបម្រាមគោចរនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី បានចូលមកដល់ក្នុងសហគមន៍ តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាងជាច្រើននាក់ ជាពិសេសខេត្តជាប់ព្រំប្រទល់ដែនកម្ពុជា-ថៃ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print