ភ្នំពេញ៖ ទីបំផុតពិធីករ និងជាថៅកែឆាកតន្ត្រី លោក សុខ រ៉ាស៊ី បានឡើងទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ។ ការបង្ហាញមុខនេះដែលគេសង្ស័យថាលោកបានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការទៅការ ទៅកាន់លោក អ៊ិន សុភិន ដែលមុននេះលេចករណីចម្រូងចម្រាសរឿងជំពាក់ប្រាក់ថ្លៃជួលឆាកនោះតែម្តង។
តាមរយៈរូបភាពប៉ុន្មានសន្លឹកចុងក្រោយដែលពិធីកររូបនេះបានបង្ហោះដោយបង្ហាញទាំងស្លាកពាក់នៅជាប់នឹងករសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នាមទឹកថ្នាំទើបនឹងផ្តិតមេដៃស្តាំហើយនេះអាចបញ្ជាក់បានថាលោកពិតជាសម្រេចចិត្តថានឹងមិនងាកក្រោយលើករណីចម្រូងចម្រាសនេះទេ។ ភ្ជាប់ដោយសារខ្លីថា”កំចាត់ជនពាលក្នុងសង្គមឲ្យបាន បំពេញបំណងចុងចោទ ឲ្យរៀងចាលកុំឲ្យធ្វើបាបអ្នកដទៃទៀត លើកទី១ហើយដែលចូលតុលាការ សូមជួយShare រកយុត្តិធម៌ជូនខ្ញុំបាទផង។ សារនេះលោកមិនបានបញ្ជាក់លម្អិតណាមួយថាលោកសម្រេចចិត្តប្តឹងបុគ្គលណាឡើយប៉ុន្តែគេសង្ស័យថាជាប់ពាក់ព័ន្ធ នឹងករណីខាងលើ ព្រោះតែរឿងនេះកាន់តែរីកធំមិនអាចសម្របសម្រួលបាន បើទោះបីជាភាគទីទាំងសងខាងនៅតែបន្តរក្សាជំហរមិនទទួលយកការសម្របសម្រួលក្រៅរបងតុលាការឡើយ គឺទុកឲ្យផ្លូវច្បាប់ជាអ្នកចាត់វិធានការ។លោក សុខ រ៉ាស៊ី ប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបចរចាលើកទី១ ភាគីចុងចម្លើយគឺលោក អ៊ិន សុភិន ស្នើឲ្យលោកចេញលិខិត ឬវីដេអូLive ជាសាធារណៈមួយ ដើម្បីសុំទោសព្រោះតែលោកបាន ធ្វើឲ្យបែកធ្លាយរឿងជំពាក់លុយនេះ មុននឹងលោកយល់ព្រមសងលុយដែលជំពាក់នោះ ហើយលោកបានបដិសេធមិនធ្វើព្រោះតែលោកលើកឡើងថាមិនមានសាងកំហុស។ លោកថាឡើងដល់តុលាការក៏លោកមិនខ្លាចព្រោះតែលោកមានភស្តុតាងដើម្បីបញ្ជាក់ ហើយជំហរនេះនៅតែរក្សាដដែលបើទោះបីជាត្រូវសមត្ថកិច្ចហៅមកធ្វើការសម្របសម្រួលជាលើកទី២ក្តី គឺលោកមិនបកក្រោយនោះទេ។ លោក អ៊ិន សុភិន ក៏ត្រូវបានដកស្រង់សម្តីដោយអ្នកសារព័ត៌មានដែរថា រឿងនឹងត្រូវបញ្ចប់ភ្លាមប្រសិនបើលោក សុខ រ៉ាស៊ី ព្រមទទួលយកលក្ខខណ្ឌមួយនេះ។ លោកបានបន្ថែមទៀតនៅថ្ងៃនេះដោយធ្វើការផ្លាស់ប្តូរគោលការណ៍ហើយដែរគឺមិនទទួលយកការចចារអ្វីបន្តទៀតនោះទេគឺទុកឲ្យតុលាការធ្វើចំណាត់ការតាមផ្លូវច្បាប់ចំពោះករណីនេះហើយលោកថានឹងបញ្ចប់រឿងនេះឲ្យកាន់តែល្អមើល។លោកថាពិតជាមិនចង់ឲ្យរឿងនេះកាន់តែធំប៉ុន្ដែបើសុខ រ៉ាស៊ី នៅតែបញ្ចេញចរិតរឹងរូសមិនស្ដាប់តាមការសម្របសម្រួលរបស់សមត្ថកិច្ច គឺលោកក៏នឹងរង់ចាំតតាំងគ្នានៅតុលាការដែរ ព្រោះលិខិតស្នាមរឿងជំពាក់លុយនោះក៏មិនអាចយកជាការបានដែរ។
គួរបញ្ជាក់ដែរថា ករណីនៃការផ្ទុះឡើងរឿងរ៉ាវចម្រូងចម្រាសអំពីការខកខានក្នុងការទូរទាត់ប្រាក់ដែលជំពាក់ទៅកាន់លោកសុខ រ៉ាស៊ីជា ថៅកែឆាកតន្ត្រី ពីសំណាក់ផលិតកម្មមហាហង្សដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯកMiss Grand Cmabodia នៅកម្ពុជា គឺកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រោយពីលោកសុខ រ៉ាស៊ី បានប្រកាសអំពីការមិនអាចភ្ជាប់ទំនាក់ទំនងបានជាមួយលោក អ៊ិន សុភិនជាអគ្គនាយកនោះ។ ជាបន្តបន្ទាប់លោកសុខ រ៉ាស៊ីបានបញ្ចេញសារជាហូរហែជុំវិញរឿងនេះរហូតមានការគំរាមប្តឹងគ្នាទៅវិញវិញទៅមក រួមទាំងការសម្របសម្រួលសងប្រាក់ ប៉ុន្តែត្រូវបានលោកសុខ រ៉ាស៊ី ច្រានចោលការសន្យា ដែលោកថាជាការបោកប្រាស់។ ចុងក្រោយលោក សុខ រ៉ាស៊ី ប្រកាសសម្រេចប្តឹងលោក អ៊ិន សុភិន ដោយទាមទារសំណងចំនួន១៥៧០០ដុល្លារអាមេរិកនោះ។ គេនៅរងចាំតាមដានបន្តទៀតថាតើរឿងនេះនឹងទៅជាយ៉ាងណា៕