ប្រមុខដឹកនាំរដ្ឋាភិបាលថៃលោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកនឹងមិនលាលែងចេញពីតំណែងឬរំលាយរដ្ឋសភាក្នុងពេលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិនៃការឆ្លងរាលដាលកូវិដ-១៩នោះឡើយ។
នៅក្នុងសារដែលបានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានព្រមានថា ក្រុមអ្នកនយោបាយប្រឆាំងមិនត្រូវបង្កឲ្យមានវិបត្តិកាន់តែធ្ងន់ទៀតក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងឡើយ។ ការញុះញង់ប្រឆាំងរដ្ឋាភិបាល នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាងនេះថែមទៀត។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩ នៅប្រទេសថៃ សារព័ត៌មានBangkok Post បានផ្សាយថាក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៨,៩១២ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន១៨,១០២ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៨១០ករណីទៀតត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន១៧៨នាក់បន្ថែមទៀតដែរបានស្លាប់ (ជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាន) ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន១០,៧៥០នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេសចំនួន៥៩៧,២៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៨៥៧នាក់ និងអ្នកជាសះស្បើយ ៣៩១,៩២០នាក់។
ទោះបីប្រឈមនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងដែលពីរសប្តាហ៍មកនេះស្ថិតនៅលើស ១០,០០០នាក់ ក្នុងមួយថ្ងៃក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តីថៃនៅតែប្រកាន់ជំហរថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោកក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនមែនជាបញ្ហាឡើយ ៕ដោយ៖ធីរីណា
រូបថត៖AP.