ភ្នំពេញ, លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស, សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធីបតី និងដឹកនាំកិច្ចជាមួយលោក លោកស្រី ជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងថ្នាក់ដឹកនាំយុវជនគណបក្សស្រុក ក្រុងទាំង៨ របស់ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា, នាព្រឹក ថ្ងៃអាទិត្យ ០៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២១ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស, សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ សរុបប្រមាណ ២៧ នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ZOOM។
លោកប្រធានអង្គប្រជុំបានលើកឡើងអំពីផែនការ និងគោលការណ៍នៃការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដែលមាននៅក្នុងខេត្តស្វាយរៀង ព្រមទាំងការរៀបចំផែនការសកម្មភាពឲ្យបានល្អ និងមានភាពច្បាស់លាស់នៅក្នុងការអនុវត្តផែនការសកម្មភាព ដែលតម្រូវឲ្យមានការចូលរួមពីថ្នាក់ដឹកនាំស្រុក-ក្រុងទាំងអស់ ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តដល់ សមាជិក សមាជិកាជាយុវជនគណបក្សក្នុងការអនុវត្តនូវសកម្មភាពយ៉ាងសកម្ម គាំទ្រដល់ផែនការយុទ្ធសាស្ត្រ និង គោលនយោបាយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានោះ លោកប្រធាន ក៏បានផ្ដល់ឱកាសឲ្យសមាជិក-សមាជិកាអង្គប្រជុំក្នុងការបញ្ចេញមតិ និងអាចមានជាសំណួរមកកាន់អង្គប្រជុំទាំងមូលដើម្បីជាការពិភាក្សានិងរកដំណោះស្រាយឲ្យកាន់តែមានភាពប្រសើរក្នុងការអនុវត្តផែនការឲ្យកាន់តែប្រសើរឡើង។
លោកប្រធានអង្គប្រជុំ ក៏បានលើកយកនូវ មតិផ្តាំផ្ញើរបស់លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ដែលស្នើសុំ ដល់សមាជិក តាមរយៈការបន្តចូលរួមជាមួយគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ចូលរួមអនុវត្តផែនការរួមរបស់គណបក្សក្នុងសម្រេចឲ្យបានជោគជ័យនសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងសម្រេចឲ្យបាននូវពាក្យស្លោក ” រក្សា ចាស់ បង្កើន ថ្មី ” និង ” យុវជនគណបក្ស ០១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ០១ សន្លឹក”។
កិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។ទន្ទឹមនោះ ប្រធានអង្គប្រជុំ បានក្រើនរំលឹកអំពីវិធានការការពារសុខភាព សូមយុវជនទាំងអស់ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺ ” ៣កុំ ៣ ការពារ ” ដើម្បីចៀសផុត និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕
ដោយ, សុខ ខេមរា