លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពី ដំណើរវិវត្តន៍ និងលទ្ធផលនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា,
ដំណើរវិវត្តន៍ និងលទ្ធផលនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា មានដូចខាងក្រោម,
1. ដំណើរវិវត្តន៍នៃការរីករាលដាលជម្ងឺដុំពកស្បែកគោ/ក្របី
ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) ដែលហៅកាត់ថា LSD បានផ្ទុះជាលើកដំបូងនៅឆ្នាំ១៩២៩ នៅប្រទេសស៊ាំប៊ី ហើយបានឆ្លងរាលដាលនៅទ្វីបអាហ្វ្រិកទាំងមូល បន្ទាប់មក មានមជ្ឈឹមបូពា៌ អឺរ៉ុបបែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្កកការខូចខាតដ៏ធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។ តាមការរាយការណ៍នៅលើគេហទំព័រ https://empres-i.review.fao.org របស់អង្គការស្បៀងនិងម្ហូបអាហារនៃអង្គការសហប្រជាជាតិ FAO នៅប្រទេសចិនជំងឺចាប់ផ្តើមរាលដាលចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ រហូតមកដល់ខែមេសា ឆ្នាំ២០២១ មានចំនួន៤៧កន្លែង។ ចំណែកនៅប្រទេសវៀតណាមវិញ ជំងឺដុំពកលើស្បែកនេះផ្ទុះចាប់ពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមេសាឆ្នាំ២០២១ មានចំនួន៤១កន្លែង ព្រមទាំងប្រទេសឡាវមានករណីជំងឺចាប់ផ្តើមតាំងពីខែចុងខែឧសភា រហូតមកដល់ខែកក្កដា ឆ្នាំ២០២១ មានចំនួន៩កន្លែង។ ចំណែកឯនៅប្រទេសថៃមានករណីជំងឺនេះផ្ទុះជំងឺនេះផងដែរ ចាប់ពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ខែកក្កដា ឆ្នាំ២០២១ ថ្មីៗ នេះ មានផ្ទុះនៅចំនួន១៨៤កន្លែង ជាពិសេសនៅតំបន់ដែលមានព្រំប្រទល់ជាប់កម្ពុជាមានដូចជា ខេត្តសុរិន្ទ ខេត្តបុរីរាំ ខេត្តអ៊ូប៊ុន រ៉ាតឆាថានី និងខេត្តស៊ីសាកេតជាដើម។ ចំណែកនៅប្រទេសកម្ពុជាបានចាប់ផ្តើមផ្ទុះករណីនៃជំងឺនេះ នៅដើមខែមិថុនា ឆ្នាំ២០២១ ជាដំបូងនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ព្រំដែនថៃមួយចំនួនទៀត។ រហូតមកដល់ពេលថ្ងៃទី ២៩ ខែកក្កដានេះ មានករណីគោឈឺចំនួន ៦ ៨០៤ករណី ក្នុងនោះសត្វបានជះសះស្បើយចំនួន៦៥% និងកំពុងឈឺនៅឡើយមាន៣៥% សត្វបានងាប់ចំនួន១% (ភាគច្រើនលើកូនគោ)។ ការផ្ទុះនូវជំងឺថ្មីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចនៃអ្នកចិញ្ចឹមជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩នាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ត្រីលើកឡើងថា, ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) បង្ករឡើងដោយវីរុសក្នុងគ្រូសារ Poxviridae ក្រុម Capripoxvirus។ វីរុសនេះមានភាពធន់ជាមួយនឹងបរិស្ថាន ហើយអាចរស់បានយូចាប់ពី៣ខែឡើង នៅលើកំណកកមរមាស់លើស្បែកស្ងួតនិងយ៉ាងយូ៦ខែចំពោះស្បែកប្រឡូសប្រឡាស់កខ្វក់។ ជំងឺនេះឆ្លងតាមរយៈវ៉ិចទ័រ ដែល អាចសម្គាល់តាមរយៈការលេចឡើងជាដុំពកស្បែក និងបង្កឡើងដោយវីរុសដែលមានពត៌មានសេនេទិច ស្រដៀងបំផុតទៅនឹងវីរុសអុត និងកញ្រ្ចិល ដែលបង្កនៅលើជៀម និងពពែ បណ្តាលឲ្យមានដុំពកស្បែកនៅលើរាងកាយរបស់សត្វ។ ជំងឺនេះបានបង្កឱ្យសត្វគោ ក្របីឈឺ ពី០៥-៤៥% និងស្លាប់តិចជាង១០% ដែលមានរោគសញ្ញាលើសត្វដូចជា៖ គ្រុនក្តៅ (កំដៅកើនឡើងដល់៤១អង្សាសេ ស្រងូតស្រងាត់ អត់ស៊ីចំណី រលាកប្រហោងច្រមុះ ហៀរសំបោរ ទឹកមាត់ ដុំពកស្បែកហើយបង្ករជាក្រមរ អាចបង្កអោយសត្វខ្លះមានពងដោហើយបែកបង្ករជាដំបៅក្នុងមាត់ ប្រព័ន្ធរំលាយអាហារ បំពង់ខ្យល់ និងសួត សត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្ករកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះឆ្លងតាមរយៈ វ៉ិចទ័រដែលជាសត្វល្អិតប៊ឺតជញ្ជក់ឈាមដូចជា តាប៉ោម រុយ ដង្កែ ការប៉ះពាល់ផ្ទាល់ ឬប្រយោល ការបង្កាត់ពូជ មធ្យោបាយដឹកជញ្ជូននិងសម្ភារៈបរិក្ខារបសុព្យាបាល។ ជំងឺនេះបង្កឲ្យមានផលប៉ះពាល់លើសុខមាលភាពសត្វ និងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងដល់កសិករចិញ្ចឹមគោ ក្របី ជាលក្ខណៈគ្រួសារ ពាក់កណ្តាលពាណិជ្ជកម្ម និងបែបពាណិជ្ជកម្ម ប៉ុន្តែមិនឆ្លងមកមនុស្សទេ។ មេរោគនៃជំងឺនេះមានភាពធន់ខ្លាំងទៅនឹងបរិស្ថានអាចរស់នៅក្នុងក្រម៉ស្បែករហូតដល់៣ខែនិងរហូតដល់៦ខែក្នុងទ្រុងកខ្វក់ និងគ្មានពន្លឺចេញចូលគ្រប់គ្រាន់។ មេរោគនេះអាចរស់នៅក្នុង pH ពី ៦,៣ ទៅ ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត និងជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព៥៥អង្សាសេក្នុងរយៈពេល២ម៉ោង ៦០អង្សាសេក្នុងរយៈពេល០១ម៉ោង និងសីតុណ្ហភាព៦៥អង្សាសេក្នុងរយៈពេល៣០នាទី និងងាយកម្ចាត់ដោយសារទឹកសាប៊ូ និងថ្នាំសម្លាប់មេរោគធម្មតា។
2. លទ្ធផលនៃការទប់ស្កាត់
 ក្រសួងបានចេញសារាចរណែនាំលេខ ១៨០កសកចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ស្តីអំពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី។
 អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានធ្វើការប្រជុំជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាល២៥ខេត្តក្រុង ដោយធ្វើបទបង្ហាញអំពីជំងឺ ការទប់ស្កាត់ និងការឆ្លើយតបទាន់ពេលវេលានៃជំងឺ និងបានពិភាក្សាអំពីការបង្កើតក្រុមការងារទប់ស្កាត់នៃជំងឺនេះនៅតាមបណ្តាខេត្តនានាដោយមានអន្តរាគមន៍ពីថ្នាកកណ្តាលគឺនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ។

 បង្កើតក្រុមតេឡេក្រាមរាយការណ៍ជាប្រចាំថ្ងៃអំពីស្ថានភាពជំងឺដុំពកស្បែកចំពោះខេត្តដែលបានផ្ទុះជំងឺ អំពីករណីផ្ទុះ ការទប់ស្កាត់ និងបំពេញព័ត៌មានតាមតារាងជាប្រចាំ។
 រៀបចំជាខិតបណ្ណផ្សព្វផ្សាយ (សម្រាប់កសិករនិងបសុពេទ្យ) ចំនួន២០០០០សន្លឹកអំពីជំងឺដុំពកស្បែកលើគោក្របី ចែកជូនការិយាល័ផលិតកម្មនិងបសុព្យាបាល។
 រៀបចំឯកសារបច្ចេកទេសបង្ហាញអំពីជំងឺ និងអត្ថបទបច្ចេកទេសខ្លីអំពីជំងឺ ការការពារ និងការព្យាបាលជូនតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
 ចុះអន្តរាគមន៍អនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាលដោយសហការជាមួយការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តនិងអ្នកពាក់ព័ន្ធ។
 ចែកសម្ភារៈនិងថ្នាំព្យាបាលមួយចំនួនជូនបណ្តាខេត្តនានាមានថ្នាំផ្សះ ថ្នាំបញ្ចុះកំដៅ ថ្នាំប្រឆាំងនឹងការរលាក ថ្នាំវីតាមីន ម៉ាស៊ីនបាញ់ថ្នាំ PPE ស៊ីរ៉ាំង ម្ជុល ស្រោមដៃ ស្បែកជើងកវែង វ៉ែនតា ម៉ាស អាល់កុល និង ថ្នាំសម្លាប់មេរោគ។
 ពង្រឹងការតាមដាននិងត្រួតពិនិត្យការធ្វើចរាចរគោក្របីនៅតាមបណ្តាខេត្ត។
 រៀបចំវីដេអូស្ពតអំពីជំងឺក្នុងគោលបំណងផ្សព្វផ្សាយ
 ចំពោះរបាយការណ៍សរុបនៃការផ្ទុះ និងការជាសះស្បើយនៃជំងឺនៅក្នុងបណ្តាខេត្តដែលបានផ្ទុះនិងរាលដាលជំងឺសត្វ មានជូនភ្ជាប់តារាង ខាងក្រោម ។

3. បទពិសោធន៍
 នៅកម្ពុជា ការឆ្លងរាលដាលនៃជំងឺដុំពកស្បែកគោក្របីមានភាពឆាប់រហ័សគួរឱ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីនេះ ហើយជាបទពិសោធន៍កន្លងមក យុទ្ធសាស្ត្រសំខាន់ៗក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះមាន ១.ការផ្តល់ព័ត៌មានទាន់ពេលវេលារបស់អ្នកចិញ្ចឹមសត្វដល់ភ្នាក់ងារបសុពេទ្យដើម្បីទប់ស្កាត់ទាន់ពេលវេលា ២. ការការព្យាបាលគាំទ្រទាន់ពេលវេលា (បន្ថយស្ថានភាពពីធ្ងន់ធ្ងរទៅធូរស្រាល ហើយក្នុងករណីខ្លះស្បះស្បើយទៅវិញក្នុងអំឡុងពេលខ្លី) និង ៣.ការយល់ដឹងរបស់អ្នកចិញ្ចឹមសត្វអំពីជំងឺ ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺ។ ជាមួយគ្នានេះដែរ អង្គការសុខភាពសត្វពិភពលោក OIE បានណែនាំនូវការប្រើប្រាស់វ៉ាក់សាំងដែលមានប្រសិទ្ធភាព ដែលអាចចូលរួមក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺផងដែរ។
 ការរាយការណ៍ និងការព្យាបាលគាំទ្រទាន់ពេលវេលានឹងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងឆាប់ជះសះស្បើយ។
 ការប្រើធូបមូស ឬដុតភ្នក់ផ្សេងបណ្តេញសត្វល្អិត អាចជួយកាត់បន្ថយអំពីការឆ្លងរាលដាលពីសត្វមួយទៅសត្វមួយទៀត។

4. បញ្ហាប្រឈម
 ជំងឺកូវីដ១៩ឆ្លងរាលជាការលំបាកក្នុងការអនុវត្តវិធានការទប់ស្កាត់ជំងឺដុំពកស្បែក។
 ខ្វះវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់។
 ខ្វះថ្នាំព្យាបាលគាំទ្រ។
 ការយល់ដឹងរបស់កសិករនៅមានកម្រិត (ជំងឺថ្មី)។

5. ផែនការអនុវត្តបន្ត
 តានដាន និងអន្តរាគមន៍បន្ត
 ពង្រឹកការព្យាបាល និងអនុវត្តវិធានការពារ
 ពង្រឹងការត្រួតពិនិត្យចរាចរគោក្របី
 ពង្រឹងការយល់ដឹងរបស់កសិករនិងអ្នកពាក់ព័ន្ធ
 កំពុងកៀងគរថវិកាពីប្រភពផ្សេងៗដើម្បីទិញវ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ក្នុងករណីសាធារណៈជនចង់ទទួលបានព័ត៌មានបន្ថែមសូមធ្វើទំនាក់ទំនងលោក នូ វនិកា 012 483 578 ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសារធារណៈបសុព្យាបាល ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print