រុស្ស៊ីមានគម្រោងដកខ្លួនចេញពីស្ថាននីយ៍អវកាសអន្តរជាតិ ISS ដើម្បីសាងសង់ស្ថានីយ៍ថ្មីរបស់ខ្លួន។ សកម្មភាពខាងលើកើតឡើងក្រោយពេលរុស្ស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីបញ្ហាកើតឡើងនៅស្ថានីយ៍អវកាសISS ដោយសារតែឧបករណ៍ចាស់ៗ អាចមានបញ្ហាបច្ចេកទេស។
ភ្នាក់ងារអវកាសជាតិរុស្ស៊ី Roscosmos បានឲ្យដឹងថា ក្រោយការដកចេញពីស្ថានីយ៍អន្តរជាតិ នៅឆ្នាំ២០២៨ រុស្ស៊ីនឹងសាងសង់ស្ថានីយ៍អវកាសផ្តាល់ខ្លួន ។ រុស្ស៊ីបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមានឧបស័គ្គកើតឡើងនៅស្ថានីយអវកាសអន្តរជាតិដោយសារតែឧបករណ៍ ប្រព័ន្ធអេឡិចត្រូនិចចាស់ៗ អាចខូចគ្រប់គ្រប់ពេល។
ទីភ្នាក់ងារអវកាស Roscosmos បានប្រកាសថា « ក្រោយការត្រួតពិនិត្យស្ថានភាពបច្ចុប្បន្ន ស្ថានីយ៍អវកាស ISS ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី បានឃើញថាផ្នែកខ្លះក្នុងស្ថានីយ៍ មានសភាពចាស់ ហើយការបន្តប្រើប្រាស់ ឧបករណ៍ទាំងនោះ ក្រោយឆ្នាំ២០២៤គឺអាចបង្កឲ្យមានបញ្ហាកើតឡើងគ្រប់ពេល។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ទីភ្នាក់ងារអវកាសរុស្ស៊ីបានស្នើបង្កើត ស្ថានីយ៍ដាច់ដោយឡែករបស់ខ្លួន។ តាមគម្រោងនៅឆ្នាំ ២០២៨ រុស្ស៊ីនឹងសាងសង់ស្ថានីយ៍អវកាសថ្មី។
ប្រទេសមហាអំណាចអវកាសនៅលើពិភពលោក ដែលមានអាមេរិក អឺរ៉ុប ចិន ជប៉ុន ហើយពេលនេះចិនក៏បានសាងសង់ស្ថានីយ៍អវកាសដាច់ដោយឡែករបស់ខ្លួន ដើម្បីស្រាវជ្រាវប្រជែងជាមួយបណ្តាប្រទេសនៅលើពិភពលោកពិសេសគឺអាមេរិក៕ ដោយ៖ធីរីណា
រុស្ស៊ីគ្រោងដកខ្លួនចេញពី ISS នៅឆ្នាំ ២០២៨ ។
រូបភាព៖Sputnik