ចុងខែកក្កដា និងដើមខែសីហានេះ យ៉ាងហោចមានមនុស្ស៣នាក់បានស្លាប់ដោយសារលង់ទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ យ៉ាងហោចមានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយខុសគ្នាត្រឹមតែ១ម៉ោង និង៣០នាទីប៉ុណ្ណោះ ដោយសារករណីលង់ទឹកពីលើកផ្សេងគ្នា នេះបើតាមការបញ្ជាក់ពីលោក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ។

លោក អធិការនគរបាលបន្តថា ករណីទី-១ បានកើតឡើងត្រង់ចំណុចប្រឡាយទឹកផ្នែកខាងមុខផ្ទះជនរងគ្រោះឈ្មោះ លុយ ឡូត ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្ថិតនៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្ដ្រីជាប្រពន្ធឈ្មោះ សុឹម ឡាត អាយុ ៤៣ឆ្នាំ មានកូនប្រុសស្រីចំនួន៣នាក់ បញ្ជាក់ប្ដីគាត់មានជំងឺប្រចាំកាយ ហើយមុនកើតហេតុគាត់ប្រាប់ថាទៅបេះស្លឹកម្កាក់ បាត់យូរពេកក៍នាំគ្នាដើររកស្រាប់តែប្រទះឃើញបែបនេះ។

លោក អធិការបន្តទៀតថាដោយឡែក ១ករណីទៀតបានកើតឡើងត្រង់ចំណុចស្រះទឹកផ្នែកខាងក្រោយផ្ទះជនរងគ្រោះឈ្មោះ វៃ គឹមឡាង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្ដ្រីជាម្ដាយបង្កើតឈ្មោះ ឡុំ ឡាយ អាយុ ៥៣ឆ្នាំ បញ្ជាក់ថាកូនស្រីរងគ្រោះមានជំងឺប្រចាំកាយ(ស្កន់ជ្រូក)មុនកើតហេតុគាត់បានទៅផ្ទះក្បែនោះ ក្នុងគោលបំណងផ្ញើរលុយទិញថ្នាំឲ្យកូនស្រីរងគ្រោះ ស្រាប់តែបាត់កូនស្រីមិនដឹងទៅណា ភ្លាមនោះឲ្យចៅដើររកក៍ប្រទះឃើញក្នុងស្រះទឹក ទើបនាំគ្នាស្រង់យកមកធ្វើចលនា ប៉ុន្តែកូនស្រីបានស្លាប់បាត់បង់ជីវិតហើយ ករណីលង់ទឹកស្លាប់មនុស្ស២នាក់ខាងលើ សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

 គួររំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ម្នាក់ដែរ ស្ថិតនៅភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សពសមត្ថកិច្ចពិនិត្យពុំមានអ្វីកត់សម្គាល់ករណីផ្សេងទេ ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវរកពុំស្គាល់អត្តសញ្ញាណនោះទេ ក៍សម្រេចបូរជានៅកន្លែងនោះតែម្ដង ៕ ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print