ភ្នំពេញ,ក្រសួងព័ត៌មាន សម្រេច, ត្រូវបានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ចំពោះអ្នកសារព័ត៌មាន និងអង្គ ភាពសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងដាក់វិន័យចំពោះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រុមសីលធម៌ វិជ្ជាជីវៈ ដើម្បីតម្រង់ទិស អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន។
គណៈកម្មការនេះ មានរបៀបរបបដឹកនាំ និងសម្រេចការងារដូចខាងក្រោម៖ រៀបចំកិច្ចប្រជុំក្នុងបូកសរុបលទ្ធផលការងារការកំណត់និងការចាំបាច់ កិច្ចប្រជុំអាចដំណើរការទៅបានលុះត្រាតែសមាជិកមានចំនួន ពីរភាគបី នៃសមាជិកសរុបរបស់ គណៈកម្មការ – ការសម្រេចរបស់អង្គប្រជុំដែលអាចយកជាការបានលុះត្រាតែមានសំឡេង ហាសិបភាគរយបូកមួយនសមាជិកអង្គប្រជុំ។
អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ជាសេនាធិការឱ្យគណៈកម្មការសម្រាប់កិច្ចការដូចខាងក្រោម៖
– តាមដាន និងផ្តល់របាយការណ៍ស្តីពីការអនុវត្តរបស់អ្នកសារព័ត៌មាន ក្នុងការបំពេញវិជ្ជាជីវៈលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំសំណុំឯកសារជូនគណៈកម្មការ ដើម្បីពិនិត្យសម្រេច
– រៀបចំលិខិតអញ្ជើញ របៀបវារៈសម្រាប់កិច្ចប្រជុំ តាមការកំណត់របស់គណៈកម្មការ
– រៀបចំរបាយការណ៍នៃកិច្ចប្រជុំ របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំក្រសួង
– បំពេញភារកិច្ចផ្សេងទៀតតាមការចាំបាច់ដែលថ្នាក់ដឹកនាំប្រគល់ជូន។
នាយកខុទ្ទកាល័យក្រសួងព័ត៌មាន អគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញចំណុះក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានរាជធានី ខេត្ត និងសាមីខ្លួនដូចមានចែងនៅក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕