ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា កម្លាំងទាហានជើងទឹកអុីរ៉ង់ បានបើកយុទ្ធនាការចាប់នាវាដឹកប្រេងដល់ទៅ៤គ្រឿងក្នុងពេលតែមួយនៅតំបន់សមុទ្រអូម៉ង់ ហើយនៅក្នុងចំណោមនាវាដឹកប្រេងទាំង៤គ្រឿងនោះមាន៣គ្រឿងរងការបំផ្លាញដោយគ្រាប់មីន។ នៅពេលនេះគេមិនទាន់ដឹងថា ការវាយប្រហារបង្កឡើងដោយអុីរ៉ង់ សំដៅទៅលើនាវាដឹកប្រេងស៊ីវិល មានគោលដៅអ្វីនោះឡើយ ប៉ុន្តែសកម្មភាពនោះបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ ។ កម្លាំងទាហានអុីរ៉ង់ពេលដំបូងបានចាប់នាវាដឹកប្រេង Asphalt Princess ។ ប្រធាននាវិកដឹកប្រេងខាងលើ បានផ្តល់សញ្ញាសុំជំនួយ ប៉ុន្តែកម្លាំងទាហានអុីរ៉ង់ បានព្យាយាមបញ្ជូននាវានោះមកកាន់ដែនសមុទ្ររបស់ខ្លួន ។ មួយរយៈពេលក្រោយមក នាវាដឹកប្រេង Golden Brilliant បានរងការវាយប្រហារបណ្តាលឲ្យបាត់បង់ការគ្រប់គ្រង ក្រោយមកទាហានអុីរ៉ង់ក៏បានចាប់នាវានោះ។ មានប្រភពព័ត៌មានបានឱ្យដឹងថា មាននាវាដឹកប្រេងពីរគ្រឿងផ្សេងទៀត បានរងការវាយប្រហារនៅក្នុងតំបន់នោះផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ។ សកម្មភាពខាងលើកើតឡើង ក្រោយពីអុីរ៉ង់បានវាយប្រហារទៅលើនាវាដឹកប្រេងរបស់អុីស្រាអែល ដោយយន្តហោះគ្មានមនុស្ស បើកពីរគ្រឿង ដើម្បីជាការសងសឹកដល់ការវាយប្រហារទៅលើកម្លាំងទាហានអុីរ៉ង់នៅក្នុងប្រទេសស៊ីរី ។ នៅពេលនេះគេមិនទាន់ដឹងថា នាវាដឹកប្រេងដែលអុីរ៉ង់វាយប្រហារនោះគឺជានាវារបស់ប្រទេសណានោះឡើយ ។ ប៉ុន្តែស្ថានភាពនោះនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅតំបន់សមុទ្រប្រទេសអូម៉ង់ ៕ដោយ៖ធីរីណា
រូបថត់៖ tư liệu.