មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី៤ខែសីហាបានប្រកាសថាក្រសួងការបរទេសអាមេរិកបានអនុម័តលក់កាំភ្លើងធំ៤០គ្រឿងប្រភេទ M109 ឱ្យកោះតៃវ៉ាន់ មានតម្លៃ៧៥០លានដុល្លារ ។ ជាក់ស្តែង រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានយល់ព្រមលក់កាំភ្លើងធំប្រភេទ M109 ផលិតដោយក្រុមហ៊ុនBAE Systers ។ ក្រៅពីនេះមានឧបករណ៍១៦៩៨ប្រភេទ មានទាំងឧបករណ៍នាំផ្លូវផងដែរ ។ តាមការប្រកាសនៅថ្ងៃទី៤ខែសីហា «កិច្ចព្រមព្រៀងលក់អាវុធខាងលើ ដើម្បីផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់អាមេរិក តាមរយៈបំពាក់អាវុធ បង្កើនសមត្ថភាពការពារដែលគួរឱ្យទុកចិត្តបំផុត។ តាមរយៈកិច្ចព្រមព្រៀង នឹងជួយដល់វិស័យសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចប្រកបដោយតម្លាភាព។ ក្រោយការប្រកាសលក់អាវុធ កិច្ចព្រមព្រៀងនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីត្រួតពិនិត្យ និងអនុម័តក្នុងរយៈពេល៣០ថ្ងៃ ថាតើគួរតែលក់ឬក៏មិនលក់ ។ ប៉ុន្តែរដ្ឋសភាអាមេរិកមិនដែលរារាំងក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់នោះឡើយ ។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ នឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង កាន់តែខឹងសម្បាយ៉ាងខ្លាំង។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតីបៃឌិនបានយល់ព្រមក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់ផងដែរ។ កាលពីខែវិច្ឆិកាឆ្នាំ២០២០ ទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ដល់អតីតប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់មានតម្លៃជាង ៦០០លានដុល្លារ ។ ទីក្រុងប៉េកាំងបានចាត់ទុកថានោះជាសកម្មភាព ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បំពានដល់កិច្ចព្រមព្រៀងចិនតែមួយ ៕ដោយ៖ធីរីណា
រូបថត៖US Army.
រូបថត៖AP.