ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍ថា, ស្រូវសែនក្រអូបត្រូវបានស្គាល់ និងនាំមកធ្វើការដាំដុះដោយប្រជាកសិករនៅប្រទេសកម្ពុជា នៅពាក់កណ្តាល ទស្សវត្សទី៩០ ដែលណែនាំដោយក្រុមរោងម៉ាស៊ីនកិនស្រូវមួយចំនួន។ ពូជស្រូវនេះមានគ្រាប់អង្ករល្អ ក្រអូប និងអវេទរសទៅនឹងពន្លឺថ្ងៃដែលអាចដាំបានគ្រប់រដូវ (ជាស្រូវមិនប្រកាន់រដូវ)។
សូមបញ្ជាក់ថា, យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជម្រុញផលិតកម្មដំណាំស្រូវ និងការនាំអង្ករចេញ អ្នកនាំចេញអង្ករជាច្រើនបានលើកឡើងពីសក្តានុពលរបស់អង្ករសែនក្រអូបសម្រាប់ទីផ្សារអន្តរជាតិ បានសំណូមពរឲ្យប្រជាកសិករកម្ពុជាជម្រុញ និង បង្កើនការដាំដុះដំណាំស្រូវសែនក្រអូប ដើម្បីបង្កើនផលិតភាពស្រូវសែនក្រអូបទាំងនៅក្នុងរដូវប្រាំង និងដើមរដូវវស្សា។ ទន្ទឹមនឹងនេះ មានបញ្ហាចម្បងមួយដែលនាំអោយប៉ះពាល់ដល់គុណភាពអង្ករ និងទិន្នផល គឺអវិសុទ្ធភាពនៃពូជស្រូវសែនក្រអូប។ ដើម្បីឆ្លើយតបនឹងបញ្ហានេះវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈគម្រោងកាវ៉ាក់ (CAVAC) បានធ្វើការបន្សុទ្ធពន្ធុប្រជាករពូជស្រូវសែនក្រអូបចំនួនបួនប្រជាករ ដែលទទួលបានពី IFC និង ក្រុមហ៊ុនផលិតគ្រាប់ពូជ AQUIP។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល ៤ ឆ្នាំ (២០១៦-២០១៩)។
ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៧ វិទ្យាស្ថានកាឌីបានចាប់ផ្តើមការងារបន្សុទ្ធពូជតាមរយៈវិធីសាស្រ្តជម្រើសឯកត្ត និងជ្រើសរើសបានស្រឡាយដែលល្អជាងគេចំនួនបី (PR1, PR2 និង PR3) សម្រាប់បញ្ចូលទៅក្នុងពិសោធន៍លើស្រែកសិករ ។
ពីខែធ្នូ ឆ្នាំ២០១៧ ដល់ ខែមេសា ឆ្នាំ២០១៩ វិទ្យាស្ថានកាឌីបានធ្វើពិសោធន៍បន្សាំពូជលើស្រែកសិករបានចំនួន ១៣០ កន្លែង នៅក្នុងខេត្តចំនួន១០ គឺ៖ ខេត្តតាកែវ ព្រៃវែង កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងស្វាយរៀង ដើម្បីសិក្សាលើសំដែងកម្មរបស់ស្រឡាយនីមួយៗក្នុងក្សេត្របរិស្ថានផ្សេងៗគ្នា។ ទន្ទឹមនឹងនេះយើងបានធ្វើទិវាស្រែបង្ហាញពីស្រឡាយត្រៀមបញ្ចេញ ដោយមានកសិករចូលរួមចំនួន៤៥នាក់។ ជាលទ្ធផលស្រឡាយ PR1 ទទួលបានទិន្នផលមធ្យមខ្ពស់ជាងគេគឺ ៣,៩ តោន/ហិកតា បើប្រៀបធៀបនឹងស្រឡាយ PR2 ទទួលបាន ៣,៨តោន/ហិកតា PR3ទទួលបាន ៣,៦តោន/ហិកតា និងពូជកសិករ ៣,៧ តោន/ហិកតា។ ក្រៅពីការវាយតម្លៃទិន្នផល វិទ្យាស្ថានកាឌីបានវិភាគគុណភាពអង្ករទាំងលក្ខណៈរូបសាស្រ្ត គុណភាពបាយ និងពន្ធុសាស្រ្ត (ពន្ធុក្រអូប) នៅក្នុមន្ទីរពិសោធន៍គុណភាពអង្ករ និងជីវបច្ចេកវិទ្យារបស់វិទ្យាស្ថាន។ យោងតាមលទ្ធផលទាំងនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាសេនាធិការផ្នែកស្រាវជ្រាវដំណាំកសិកម្មបានបញ្ចេញស្រឡាយ PR1 តាមរយៈគណៈកម្មការបញ្ចេញពូជដំណាំក្នុងឆ្នាំ ២០១៩ ដោយដាក់ឈ្មោះ ពូជស្រូវ “សែនក្រអូប០១” ។ ក្រោយការបញ្ចេញពូជនេះ គ្រាប់ពូជគ្រឹះចំនួន ៤ តោន ត្រូវបានផលិត និងចែកចាយដល់កសិករ និងអ្នកពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ក្នុងករណីសាធារណជន ចង់ទទួលបានព័ត៌មានបន្ថែម សូមធ្វើទំនាក់ទំនងជាមួយលោក ឡោ ប៊ុណ្ណា ដែលមានលេខទូរស័ព្ទ ០៩៩៣៧៣៧៥៣ ៕
ដោយ , សិលា