លោក Louis van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ជាលើកទី៣។ បុរសជនជាតិហូឡង់វ័យ៦៩ឆ្នាំរូបនេះជំនួសលោក Frank de Boer ដែលបានលាឈប់កាលពីខែមុនបន្ទាប់ពីបរាជ័យក្រោមថ្វីជើងសាធារណរដ្ឋឆេកនៅវគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០។
លោក Van Gaal បានដឹកនាំក្រុមជម្រើសជាតិហូឡង់កាលពីឆ្នាំ២០០០-២០០២ និងមកដឹកនាំម្តងទៀតចាប់ពីឆ្នាំ២០១២-២០១៤ មុនពេលគាត់ចូលរួមជាគ្រូបង្វឹកក្រុម Manchester United។ គាត់មិនបានធ្វើជាគ្រូបង្វឹកចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្រុមបិសាចក្រហមក្នុងឆ្នាំ២០១៦ ហើយបាននិយាយថា វាជាកិត្តិយសដែលបានវិលត្រឡប់មកក្រុមហូឡង់វិញ។
លោក Van Gaal បាននិយាយថា “បាល់ទាត់ហូឡង់តែងតែនៅជិតបេះដូងខ្ញុំ ហើយការបង្វឹកក្រុមជម្រើសជាតិគឺជាមុខតំណែងសំខាន់សម្រាប់ជំរុញបាល់ទាត់របស់យើងឆ្ពោះទៅមុខ។ មានពេលតិចតួចរហូតដល់វគ្គជម្រុះបន្ទាប់ ដូច្នេះការផ្តោតអារម្មណ៍គឺផ្តោតលើកីឡាករ១០០% ភ្លាមៗ ហើយតើយើងនឹងចាត់វិធានការបែបណា” ។
ហូឡង់មានការប្រកួតជម្រុះ World Cup បីដងនៅខែកញ្ញានៅពេលដែលប្រទេសនេះសង្ឃឹមថា នឹងស្តារឡើងវិញពីយុទ្ធនាការយូរ៉ូដែលមិនទទួលបានជោគជ័យ។
លោក Van Gaal បានដឹកនាំឈ្នះពានរង្វាន់ធំៗចំនួន២០រួមទាំងពានរង្វាន់ Champions League ជាមួយក្រុម Ajax និងពានរង្វាន់លីកជាមួយក្រុម Barcelona និង Bayern Munich ។ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលលោក Van Gaal បានដឹកនាំក្រុមហូឡង់ទទួលបានចំណាត់ថ្នាក់លេខ៣មុនពេលចូលរួមជាមួយក្រុម Manchester United ដែលជាកន្លែងដែលគាត់ឈ្នះពានរង្វាន់ FA Cup ។
ប្រធានសមាគមកីឡាបាល់ទាត់ហូឡង់លោក Nico-Jan Hoogma បាននិយាយថា ដោយសារក្រុមនេះមានពេលវេលារៀបចំតិចតួចសម្រាប់ការប្រកួតជម្រុះ ហុល្លង់កំពុងស្វែងរកគ្រូបង្វឹកដែលមានគុណភាពពិសេស ហើយសម្រាប់គ្រូបង្វឹកក្រុមជម្រើសជាតិមិនមានអាថ៌កំបាំងអ្វីឡើយ។ ជាមួយនឹងបទពិសោធន៍ និងកំណត់ត្រារបស់គាត់នៅកម្រិតខ្ពស់បំផុត ក្រុមបានកំណត់អត្តសញ្ញាណលោក Louis van Gaal ។
ចាប់តាំងពីលោក Van Gaal លាឈប់ពីតំណែងក្នុងឆ្នាំ២០១៤ ក្រុមជម្រើសជាតិហូឡង់មានគ្រូបង្វឹក ៧នាក់ផ្សេងគ្នារួមមាន លោក Guus Hiddink, លោក Danny Blind, លោក Dick Advocaat និងលោក Ronald Koeman ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ