ការប្រកួតបាល់ទាត់ផ្នែកនារីបានឈានមកដល់ការប្រកួតដណ្តើមយកមេដាយមាស, ប្រាក់ និងមេដាយសំរិទ្ធិហើយ។ ក្នុងនោះក្រុមនារីជម្រើសជាតិអូស្ត្រាលីត្រូវប៉ះក្រុមបាល់ទាត់នារីអាមេរិកវេលាម៉ោង៣រសៀលថ្ងៃទី៥ សីហានេះដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្រៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
យោងតាមតារាងប្រកួត និងតាមគេហទំព័រអូឡាំពិកបានបង្ហាញថា ក្រុមនារីជម្រើសជាតិអូស្ត្រាលីបានចាញ់ក្រុមជម្រើសជាតិនារីស៊ុយអែតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០។ ចំណែកក្រុមនារីជម្រើសជាតិអាមេរិកបានចាញ់ក្រុមនារីជម្រើសជាតិកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០ដែរ។
អូស្ត្រាលីក្នុងការប្រកួតកីឡាអូឡាំពិករដូវក្រៅនេះគឺ៥ប្រកួត ឈ្នះ២ប្រកួត, ស្មើ១ប្រកួត និងចាញ់២ប្រកួត។ ប្រកួតដំបូងឈ្នះក្រុមនារីណូវែលហ្សេឡង់២ទល់១, ប្រកួតទី២ចាញ់ក្រុមនារីស៊ុយអែត៤ទល់២, ប្រកួតទី៣ស្មើជាមួយក្រុមនារីអាមេរិក០ទល់០, ប្រកួតទី៤ ឈ្នះក្រុមនារីអង់គ្លេសក្នុងម៉ោងបន្ថែម៤ទល់៣ និងចុងក្រោយប្រកួតចាញ់ស៊ុយអែត១ទល់០។
ចំណែកក្រុមនារីអាមេរិកក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្រៅនេះគឺ៥ប្រកួត ឈ្នះ២ប្រកួត, ស្មើ១ប្រកួត និងចាញ់២ប្រកួត។ ប្រកួតដំបូងចាញ់ក្រុមនារីស៊ុយអែត៣ទល់០, ប្រកួតទី២ឈ្នះក្រុមនារីណូវែលហ្សេឡង់៦ទល់១, ប្រកួតទី៣ស្មើជាមួយក្រុមនារីអូស្ត្រាលី០ទល់០, ប្រកួតទី៤ ឈ្នះក្រុមនារីហុល្លង់ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី៤ទល់២ ក្រោយពីប្រកួតស្មើគ្នា២ទល់២ និងចុងក្រោយប្រកួតចាញ់កាណាដា១ទល់០។
ប្រវត្តិជួបគ្នារវាងក្រុមនារីអូស្ត្រាលីនឹងក្រុមនារីអាមេរិក៧ប្រកួតចុងក្រោយគឺ ក្រុមអូស្ត្រាលីឈ្នះម្តង ខណៈដែលក្រុមអាមេរិកឈ្នះ៤ដង និងស្មើគ្នា២ដង។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ ទី៥ សីហានេះម៉ោងនៅកម្ពុជាដើម្បីស្វែងរកអ្នកឈ្នះទទួលបានមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិកដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ ៕ (រូបភាព ៖ Olympics.com) ដោយ៖ភារៈ