ភ្នំពេញ៖ ពិតជាមិនអាចធ្វើឲ្យលោកអុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សនៅស្ងៀមបានឡើយ ដោយពេលនេះលោកបានបញ្ចេញប្រតិកម្មតបតទៅកាន់អ្នកច្នៃម៉ូដ និងដឹកនាំរឿងដែលបានទម្លាយរឿងថាផលិតកម្មលោកមិនទាន់បានប្រគល់ប្រាក់៥០ភាគរយបង្គ្រប់ថ្លៃថតនោះ។
ប្រតិកម្មខ្លាំងៗនេះបានធ្វើឡើងក្រោយពីសារព័ត៌មានក្នុងស្រុកជីកកកាយអំពីបញ្ហានេះរហូតដល់លោក អុិន សុភិនបានបញ្ចេញសារយ៉ាងវែងវាយបកទៅកាន់ផលិតករខាងលើដោយថែមទាំងចំអកឲ្យលោក រ៉េមមី ហ៊ូថាជាអ្នកដឹកនាំរឿងគ្មាន Licenceឬ អាជ្ញាប័ណ្ណនោះ ។
កាលពីថ្ងៃពុធម្សិលមិញនេះស្រាប់តែផ្ទុះករណីថ្មីចំពោះលោកអុិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ជុំវិញ
រឿងផលិតករ លោក រ៉េមមី ហ៊ូ និងភរិយាឈ្មោះផូ ភារ័ត្ន ដែលគេស្គាល់ថាជាអ្នកនិពន្ធនិងដឹកនាំរឿងនោះបានទម្លាយរឿងរ៉ាវពីការដែលលោកមិនទាន់បានទទួលប្រាក់៥០ភាគរយ គឺប្រមាណជិត៥ពាន់ដុល្លារពីផលិតកម្មមហាហង្សនោះ។ ការទម្លាយរឿងនេះមានអមដោយការបង្ហាញកិច្ចសន្យាមួយចំនួនថែមទៀតផង។ ខណៈដែលមុននេះលោក អុិន សុភិន នៅមិនទាន់បានបញ្ចប់ករណីចម្រូងចម្រាសរឿងប្រាក់បំណុលជិត២ម៉ឺនដុល្លារជាមួយនឹងពិធីករ និងជាថៅកែឆាកតន្ត្រី លោក សុខ រ៉ាស៊ី នៅឡើយ រហូតដល់ពេលនេះលោក សុខ រ៉ាស៊ីបានបង្ហាញមុខនៅក្នុងសាលាដំបូងរាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្តឹងជាផ្លូវការក្រោយពីការសម្របសម្រួលក្រៅរបងតុលាការ២លើកមិនបានជោគជ័យ។
លោក អុិន សុភិន បានបញ្ជាក់ដោយសំណេរថា៖ គួរឱ្យអស់សំណើច ហើយឱ្យបងប្អូនផលិតករចាំមុខពីរនាក់នេះឱ្យច្បាស់ ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃចន្ទរឿងពួកគាត់ធ្វើការមិនកើតចង់បានលុយខុសក្បួន ហេតុតែអាណិតពួកគាត់អត់ការងារធ្វើតេមកសុំការងារធ្វើ អាណិតពេកក៏ឱ្យម្ដង៣រឿងដឹក: ១-រឿង ឯកកា ដឹកនាំរឿងមិនកើត ហើយបានកក់លុយត្រឹមត្រូវដល់តំណាក់កាលទី២មិនទាន់បានបង់ព្រោះរឿងទទួលយកមិនបាន ខុសច្រើន ដឹកឱ្យរួចតែពីដៃ ចឹងតើឱ្យគេបង់លុយឱ្យដែរ? ណាមួយតាំងពីថតចប់មកកូវីដរហូត រឿងនេះមិនទាន់គិតយ៉ាងម៉េចផង មកថាគេមិនទាន់បង់លុយ កុំឱ្យតែគេប្ដឹងវិញទៅសំណាងហើយ ដឹកនាំរឿងតម្រូវចិត្តខ្លួនឯង មិនតម្រូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់ តែនេះចង់បង្កបញ្ហាដោយខ្លួនឯង អាណិតណាស់តែការងារមិនកើតចង់តែបានលុយគេ ពេលមកសុំការងារគេធ្វើនិយាយល្អ តែពេលបានការងារទៅធ្វើចរិតមើលងាយការងារ ហើយហ៊ានចេញមកទៀត អត់កេរ្តិ៍ខ្មាស។ ២-រឿងបេសកម្មស្នេហ៍ ដឹកមិនកើត កាត់តមិនចេញ លុយកាក់បានកក់រួចហើយនៅតែបង់ដំណាក់កាលបន្ត, ៣-រឿងវង្វេង ក៏ដូចគ្នា ដឹកមិនបានកូនក្មេងដឹកលេងផង មើលមិនយល់ រឿងលុយកាក់គេបានកក់រួចរាល់ហើយដែរ នៅតែបង់ដំណាក់កាលបន្ត តែពេលនេះរឿងទាំងបីយកជាការមិនបានសោះ ហេតុតែចង់ជួយមិនមានបទពិសោធន៍សោះក៏ឱ្យឧកាស តែសមត្ថភាពអន់ណាស់ យកជាការមិនបាន។ សូមផលិតករទាំងអស់គ្នាប្រយត្ន័ចាញ់បោកពួកគាត់ទាំងពីរនាក់ហ្នឹង ខ្ញុំអស់បីរឿងរាប់មុឺនដុល្លារមិនបាននិយាយអីមួយម៉ាត់ទុកមុខរាប់អានគ្នា តែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុងតែជួបញ្ហាសេដ្ធកិច្ទ អាណិតដែរតែមនុស្សចង់បានលុយគេដោយមិនធ្វើការឱ្យនោះទុកតាមហ្នឹងទៅ សុខចិត្តយករឿងមកឱ្យអ្នកផ្សេងធ្វើវិញ។ នេះជាបទពិសោធន៍ថ្មីមួយ ចេះចង់បានលុយគេអត់ចេះខ្មាស តែខាងក្រុមហ៊ុនកំពុងតែរកមុខឱ្យដឹកសងផង គួរឱ្យចង់សើចអ្នកដឹកនាំរឿងគ្មាន Licence!!!!!!! លោកថាមានសាក្សីច្រើនណាស់ដែលដឹងថាពួកគាត់ធ្វើការមិនកើត!។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថា តើអ្នកនិពន្ធមាន Licence ឬអាជ្ញាប័ណ្ឌនេះលោកសំដៅទៅលើអ្វីនោះឡើយ ហើយគេនៅបន្តរង់ចាំមើលទៀតថា តើករណីនេះនឹងបន្តទៅជាយ៉ាងណាទៀត៕