ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន១៣នាក់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួន ជាមួយនឹងការពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗ ខណៈដែលពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុកមួយកន្លែងផ្គើនបម្រាម រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលា ម៉ោង១០និង១០ នាទីយប់ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំងហាង នីសាកែវព្រិល តាមបណ្តោយមហាវិមានឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីរដ្ឋបាលខណ្ឌពោធិសែនជ័យ បានអោយដឹងថា មុនពេលកេីតហេតុទីតាំងខាងលេី បានបង្កេីតអោយ
មាន កម្មវិធីខួបកំណេីតមួយ ដោយបានជួបជុំផឹកស៊ី ជាមួយនិងការដាក់ធុងបាស់តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត ។លុះដល់វេលាកេីតហេតុ កម្លាំងសមត្ថកិច្ចដែលចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃេីញ ក៏បានចុះធ្វេីការបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន១៣នាក់ក្នុងនោះមានប្រុសម្នាក់។
ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យ មកពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗដែរ ប៉ុន្តែជាលទ្ធផល ពួកគេទាំង១៣នាក់នោះ អវិជ្ជមានទាំងអស់គ្នា ។ក្រោយមក អាជ្ញាធរមានសមត្ថកិច្ចក៏បានអប់រំណែនាំឱ្យទៅផ្ទះវិញ។ ប៉ុន្តែសម្រាប់បុរសម្នាក់ដែលជាថៅកែហាង ត្រូវសមត្ថកិច្ចនាំខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីដេីម្បីចាត់ការតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។
ពាក់ព័ន្ធនឹងហាងផឹកស៊ីនេះដែរ កាលពីរសៀលថ្ងៃទី០៣ ខែសីហានេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង សរសេរស្លាកជាភោជនីយ៌ដ្ឋានហើយខាងក្នុងKTV ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
ទីតាំង KTV ទាំង៣ កន្លែងនេះស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន៖ ១៖ ភោជនីយដ្ឋាន ពិភពតារ៉ារះ
២៖ ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣៖ ភោជនីយដ្ឋានបុប្ផារាជធានី។
ក្នុងប្រតិបត្តិការចុះបិទទីតាំងKTV ទាំងបីកន្លែងនេះដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ៕
ដោយ៖ សំរិត