ត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសចិនបន្តឈ្នះមេដាយមាស៣៤គ្រឿង

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៦ សីហានេះ ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមាសចំនួន៣៤គ្រឿង។ ចំណែកសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងតាមពីក្រោយដោយឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាសសរុប៣០គ្រឿង។

ចិនបានឈ្នះមេដាយមាស៣៤គ្រឿង, ប្រាក់២៤ និងសំរិទ្ធិ១៦គ្រឿង សរុប៧៤គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស៣០គ្រឿង, ប្រាក់៣៥ និងសំរិទ្ធិ២៧គ្រឿង សរុប៩២គ្រឿង។ ចំណែកម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២២គ្រឿង, ប្រាក់១០ និងសំរិទ្ធិ១៤គ្រឿង សរុប៤៦គ្រឿង ហើយអូស្ត្រាលីបានហក់មកឈរចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស១៧គ្រឿង, ប្រាក់៦ និងសំរិទ្ធិ១៩គ្រឿង សរុប៤២គ្រឿង។

ចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសរុស្ស៊ី ទទួលបានមេដាយមាស១៦គ្រឿង ប្រាក់២២ និងសំរិទ្ធិ២០គ្រឿង សរុប៥៨គ្រឿង។ រីឯអង់គ្លេសបន្តកាន់កាប់ចំណាត់ថ្នាក់លេខ៦ ឈ្នះមេដាយមាស១៦គ្រឿង, ប្រាក់១៨គ្រឿង និងសំរិទ្ធិ១៨គ្រឿង សរុប៥២គ្រឿង។

ដោយឡែកប្រទេសនៅតំបន់អាស៊ានចំនួន៤មានការប្រែប្រួលមេដាយខ្លះ ដោយប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិ៣គ្រឿង សរុប៥គ្រឿង, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិ១គ្រឿង, ប្រទេសថៃដណ្តើមបានមេដាយមាស១គ្រឿង និងសំរិទ្ធិ១គ្រឿង ហើយប្រទេសម៉ាឡេស៊ីទទួលបានមេដាយសំរិទ្ធិ១គ្រឿង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦ សីហានេះ មានតែសហរដ្ឋអាមេរិកមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់៩២គ្រឿង ខណៈដែលចិនឈរលេខ២មានមេដាយសរុបទាំងអស់៧៤គ្រឿង។ ចំណែកប្រទេសដែលរកបានមេដាយសរុបបន្ទាប់ពីចិនគឺប្រទេសរុស្ស៊ីមានមេដាយសរុប៥៨គ្រឿង ហើយអង់គ្លេសឈរបន្ទាប់មានមេដាយសរុប៥២គ្រឿង និងបន្ទាប់ពីអង់គ្លេសគឺម្ចាស់ផ្ទះជប៉ុនមានមេដាយសរុប៤៦គ្រឿង ៕  (រូបភាព ៖ Olympics.com) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print