ភ្នំពេញ ៖ ថ្ងៃនេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យ៤នាក់ និងគ្រឿងញៀនជិត៤គីឡូក្រាមដែលបង្ក្រាបបាននៅរាជធានីភ្នំពេញក្រោយពេលបញ្ចប់នីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ, លោក សេង ឃុនណាង នាយការិយាល័យ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយមានការសម្របសម្រួល ខាងនីតិវិធីពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះបានចុះស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបករណីខាងលើនេះនៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបាន៤នាក់៖
១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ឡុង ដាណេ ភេទប្រុស ជនជាតិខ្មែរ។
៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
៤-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។
ចំណែកវត្ថុតាងដែលរឹបអុសបានរួមមាន៖
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣គីឡូក្រាមនិង៤៤៧.៧៩ក្រាម។
ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕
ដោយ៖ ស សម