ភ្នំពេញ, កម្មវិធីកំពុងដំណើរការ៖ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្តរបស់ខ្លួន ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាអង្គប្រជុំ សរុបប្រមាណ ២០០ នាក់ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូអនឡាញ (zoom meeting platform)។
ក្នុងឆ្នាំកន្លងទៅ ស.ស.យ.ក. សម្រេចបានសមិទ្ធផលធំជាច្រើនលើការលើកតម្កើនវប្បធម៌ និងសាសនា ការជំរុញការស្វែងយល់ពីប្រវត្តិសាស្រ្ត ការចូលរួមក្នុងវិស័យអប់រំ កីឡា ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌នានាជាច្រើនដែលសកម្មភាពទាំងអស់បានទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់ថ្នាក់់ដឹកនាំប្រទេស ស្ថាប័នជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅផងដែរ។ ជាមួយគ្នានោះផងដែរ ស.ស.យ.ក. ក៏បានបន្តដើរតួនាទីក្នុងការពង្រឹងចំណងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈកិច្ចសហប្រតិបត្តិការរវាង សសយក និងបណ្តាស្ថានទូត អង្គការយុវជនបរទេស និងក្រុមហ៊ុនជាដើម។ ជាពិសេសនៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ ក្នុងការបញ្រ្ជាបការយល់ដឹងពីគក្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ការចូលរួមសម្របសម្រួលចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ ១៩ផងដែរ។
សមិទ្ធផលដែលសម្រេចបានកន្លងទៅនេះ មិនអាចសម្រេចបាននោះទេប្រសិនបើគ្មានការចូលរួម និងខិតខំប្រឹងប្រែងពីសមាជិក សមាជិកាគ្រប់រចនាសម្ព័ន្ធនៅទូទាំងប្រទេសដែលបានចំណាយកម្លាំងប្រាជ្ញាស្មារតី កម្លាំងកាយ ចិត្តផ្តួចផ្តើម ដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីទាំងអស់នោះដោយទឹកចិត្ត ឆន្ទៈមោះមុត ជាពិសេសដោយឈរលើបុព្វហេតុរួមមួយគឺដើម្បីជាតិ មាតុភូមិ៕
ដោយ ,សិលា