ខេត្តសៀមរាប, លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ នៅថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងថា, ខ្ញុំសង្កេតឃើញថាបងប្អូនអាជីវករមួយចំនួនធំបានអនុវត្តគម្លាតសុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ តែបងប្អូនមួយចំនួនទៀតមិនទាន់យល់ច្បាស់ពីបញ្ហាកូវីដ១៩នៅឡើយ ។
លោកបន្តថា, ដោយសារកត្តាអាកាសធាតុ (ក្តៅ ភ្លៀង) និងដើម្បីពង្រឹងវិធានការកាពារកូវីដ១៩ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយជូនបងប្អូនអាជីករ រដ្ឋបាលក្រុង បាននិងកំពុងរៀបចំកន្លែងថ្មីបណ្តោះអាសន្ន ដែលមានទីតាំងនៅលើផ្លូវបេតុងមុខផ្សារផាមកុងទីន័រ។
លោកអភិបាលខេត្តបានលើកឡើងថា, ខ្ញុំសូមទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត អនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាស់ឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ថាល់ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីជៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវនេះនេះ ។
ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ។
៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល។
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕
ដោយ, សិលា