ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការ អាវុធហត្ថខេត្តចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរនូវសារញៀន បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ជាបន្តបន្ទាប់បញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំនិងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការច្បាប់។
ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៣ និង០០នាទីទាបភ្លឺរហូតដល់ម៉ោង២៣ និង៣០នាទីឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយ និងប្រើប្រាស់នៅក្នុងព្រៃ។
លោកវរសេនីយ៍ទោថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងថា ជនសង្ស័យប្រុសស្រី ចំនួន៧នាក់។ ជនសង្ស័យទាំងនោះ ទី១/ឈ្មោះ ទុំ សុវណ្ណលី ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប(ជួញដូរ) ទី២/ឈ្មោះ រឿម ស៊ីណាន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ អូតេសខារ៉ាអូខេ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប(ប្រើប្រាស់) ទី៣/ឈ្មោះ ណាន រ៉ូស្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ជួញដូរ) ទី៤/ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិត មានទីលំនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ប្រើប្រាស់) ទី៥/ ឈ្មោះ សៅ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(ជួញដូរ) ទី៦/ឈ្មោះ អ៊ិប រ៉ូហ្វា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប(ប្រើប្រាស់) និងទី៧/ឈ្មោះ យ៉ង់ ឌីណា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
ក្រោយពីសាកសួរជនសង្ស័យប្រុសស្រីទាំង៧នាក់ កម្លាំងជំនាញធ្វើការដកហូតបានវត្ថុតាងរួមមាន៖ ម្ស៉ៅក្រោមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ស្មើនឹងទម្ងន់៦.២ក្រាម ទូរស័ព្ទដៃ៧គ្រឿង ដាវដែកចំនួន២ដើម ជញ្ជីងសម្រាប់ថ្លឹងចំនួន២គ្រឿង និងសម្ភារសម្រាប់ច្នៃជក់ និងវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៧នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ជានិរន្ដរ៍