ក្រសួងសុខាភិបាលបង្ហាញពី មគ្គុទេ្ទសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាលបង្ហាញពី មគ្គុទេ្ទសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ជាឯកសារជំនួយស្មារតី ស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ដែល បានរៀបរៀងឡើងលើកដំបូងនៅក្នុងខែមីនា ឆ្នាំ២០២០ និងត្រូវបានធ្វើការកែសម្រួលជាបន្តបន្ទាប់ ចំនួនបីលើក ដែលលើកចុងក្រោយនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ជា “មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់អនុវត្តនៅគ្រប់មណ្ឌលព្យាបាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ សាធារណៈ ក៏ដូចជាសេវាសុខាភិបាលឯកជនដែលបានចូលរួមក្នុងការព្យាបាលជំងឺកូវីដ-១៩ ក្នុងគោលបំណងពន្លឿននិង បង្កើនប្រសិទ្ធភាពក្នុងការព្យាបាល សំដៅកាត់បន្ថយអត្រាមរណភាពដោយសារជំងឺកូវីដ-១៩។

មគ្គុទ្ទេសក៍ដ៏សំខាន់នេះ គឺជាឯកសាររស់មួយ (Living Document) ដែលបានរៀបចំឡើង និងបន្តធ្វើ បច្ចុប្បន្នភាព ស្របតាមការចាំបាច់របស់មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅ ជួរមុខ ដើម្បីបង្កើនគុណភាពក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ផ្អែកទៅតាមទិន្នន័យ ផ្នែកអេពីដេមីសាស្ត្រ និងបទពិសោធន៍នៃការគ្រប់គ្រង និង ព្យាបាលជំងឺកូវីដ-១៩ នាពេលកន្លងមក ប្រមាណជា ៤០% នៃករណីជំងឺកូវីដ-១៩ ទាំងអស់ជាជំងឺកម្រិតស្រាល ប្រមាណជា ៤០% ទៀតជាជំងឺកម្រិតមធ្យម រីឯអ្នកជំងឺប្រមាណ ១៥% ទៀតអាចវិវត្តទៅជាធ្ងន់ធ្ងរនិងត្រូវការជំនួយអុកស៊ីសែន នៅពេលដែល ៥% ផ្សេងទៀតអាចវិវត្តទៅជាធ្ងន់ធ្ងរ ខ្លាំង រហូតដល់ត្រូវការម៉ាស៊ីនជំនួយការដកដង្ហើម។ តាមរយៈមគ្គុទ្ទេសក៍នេះ យើងអាចធ្វើការប៉ាន់ស្មានពីតម្រូវការ សម្ភារៈបរិក្ខារ ជាពិសេសឱសថចាំបាច់នានា សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឱ្យបានសមស្រប និងប្រកបដោយ ប្រសិទ្ធភាព។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រទាំង ៦ ចំណុច ក្នុង ការឆ្លើយតបឱ្យបានទាន់ពេលវេលា សំដៅទប់ស្កាត់ការឆ្លងរាតត្បាតដោយវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta Variant) ដែលនាំចូលពីក្រៅប្រទេស។
ជាមួយគ្នានេះដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះក្រុមការងារនៃអនុគណៈកម្មការបច្ចេកទេស និងព្យាបាល រួមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា ប្រាជ្ញាស្មារតី ចំណេះដឹង បទពិសោធន៍ ចូលរួមរៀបចំបង្កើតមគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នេះឡើង ចាប់ តាំងពីសំណៅដើមដំបូង។ ជាថ្មីម្តងទៀតខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្រុមការងារទាំងអស់នឹងចូលរួមបន្តទៀតក្នុងការ ស្រាវជ្រាវនូវឱសថ និងវិធីសាស្ត្រ ក៏ដូចជាបទពិសោធន៍ថ្មីៗ ក្នុងការព្យាបាលជំងឺកូវីដ-១៩ ដើម្បីធ្វើបច្ចុប្បន្នភាព មគ្គុទ្ទេសក៍ដ៏មានសារៈសំខាន់នេះ សំដៅបង្កើនប្រសិទ្ធភាពនៃការព្យាបាល និងកាត់បន្ថយអត្រាមរណភាព ដោយសារជំងឺកូវីដ-១៩៕

 

 

 

 

 

 

 

 

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print