ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) នៅទីបញ្ជាការយោធភូមិភាគទី៥ និងថ្ងៃនេះយើងដំណើរការចាក់គ្រប់ទីកន្លែងតាមគោលដៅរបស់ទិសយោធភូមិភាគទី៥។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
ទោះបីជាទទួលបានការចាក់វ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ។
ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសយោធភូមិភាគទី៥ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តទៀត៕
ដោយ៖សហការី