លោក ហ៊ុនម៉ានី ៖ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន !

ចែករំលែក៖

ភ្នំពេញ ,នៅរសៀលថ្ងៃទី៩ ខែសីហាឆ្នាំ ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា , ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង២០ឆ្នាំចុងក្រោយនេះ។ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណាដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នក ការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ។

លោកបានលើកឡើងថា, ក្នុងនាមជាយុវជនខ្មែរមួយរូបរបស់ជាតិ យើងគួរ ៖
១.ស្គាល់ខ្លួនឯងអោយច្បាស់
អ្វីដែលយើងបានឆ្លងកាត់ជាពិសេស ភាពជោគជ័យទៅលើរាល់ឧបសគ្គ និងបញ្ហាប្រឈមដែលក្នុងនាមជាសង្គមជាតិទាំងមូលយើងបានឆ្លងកាត់ការលំបាកដោយយើងខ្លួនឯងទម្រាំមកដល់ថ្ងៃ – យើងគួរតែមានមោទនភាពសម្រាប់ប្រទេសជាតិយើងផង។ ប្រាកដណាស់ គ្រប់កាលៈទេសៈ យើងត្រូវចាំថា កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែជាការជះឥទ្ធិពលប៉ុណ្ណោះ។
២.ការនាំប្រទេសមួយដែលខ្ទេចខ្ទាំដោយជម្លោះប្រដាប់អាវុធមកដល់កម្ពុជាបច្ចុប្បន្ន មិនអាចចាត់ទុកវាជារឿងធម្មតា ឬសាមញ្ញនោះទេ។ ដូច្នេះអ្វីដែលសម្រេចដោយមោទន គឺជាអ្វីដែលយើងត្រូវចងចាំ និងប្រែក្លាយទៅជាកម្លាំង ឆន្ទៈ និងស្មារតីជឿថាខ្មែរធ្វើបានដើម្បីបន្តបេសកកម្មទៅមុខទៀត។ ពិតណាស់យើងបានសម្រេចការងារជាច្រើនតែអ្វីដែលការងារបន្តគឺនៅសេសសល់ច្រើនណាស់ ដើម្បីអនាគតរឹតតែប្រសើរឡើងរបស់ប្រទេសជាតិ និងប្រជាជនយើង។

៣.រៀនគិត រួមយោបល់ រួមធ្វើ រួមទទួលខុសត្រូវ ដោយពិចារណាលើ ៖
– ពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ដោយជាអាទ៍ ស្វែងយល់ថា ការដឹកនាំ គ្រួសារមួយ ក្រុមហ៊ុនមួយ ស្ថាប័នមិនមែនរដ្ឋាភិបាលមួយ និងដឹកនាំប្រទេស តើមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ?
– ដាច់ខាត មិនត្រូវយកស្ថិរភាព និងសន្តិភាពសង្គមមួយទៅសាកល្បងនឹងអ្វីដែលយើងមិនដឹង និងអាចគ្រប់គ្រងដោយខ្លួនឯងឡើយ
– បើចង់ដឹកនាំក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន តើត្រូវគិតកត្តាអ្វីខ្លះ និងយន្តការអ្វីខ្លះ ->សម្រាប់ខ្ញុំមានមុំបី (សម្រាប់មុំបីនេះខ្ញុំនឹងបកស្រាយពេលក្រោយផ្សេងទៀត)
– ដូចពុកបានណែនាំ និងចែករំលែកបទពិសោធន៍ “ត្រូវមើលព្រៃទាំងមូល”។ ចំណុចនេះដូចយើងបានដឹងទាំងអស់គ្នាថាប្រទេសកម្ពុជាបានសម្រេចការអភិវឌ្ឍមួយជាទីមោទន ប៉ុន្តែកម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតតាមរយៈការវិនិយោគ ពង្រឹងសមត្ថភាពរបស់យើងក្នុងនាមជាជាតិមួយនៅលើវិស័យ ការពារជាតិ ការបរទេស សន្តិសុខជាតិ ធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សមត្ថភាពប្រកួតប្រជែងក្នុងការផ្តល់បរិយាកាសទាក់ទាញវិនិយោគពីក្រៅប្រទេសបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនដល់ប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ដែលជាមូលដ្ឋានមួយដ៏ធំសម្រាប់សេដ្ឋកិច្ចជាតិ និងការផ្តល់លទ្ធភាពបន្ថែមដល់រាជរដ្ឋាភិបាល ក្នុងការបែងចែកផលទាំងឡាយដល់សង្គមជាតិ មិនថាតាមរយៈការវិនិយោគសាធារណៈរបស់រដ្ឋ ឬគោលនយោបាយសង្គមកិច្ច ឬអាចនិយាយបានថាជំនួយពីរដ្ឋដល់ប្រជាជនដែលជួបការលំបាក និងងាយរងគ្រោះ។

លោក ហ៊ុនម៉ានី បានគូសបញ្ជាក់ថា,ខាងលើនេះជាអ្វីដែលក្នុងនាមយុវជនយើងអាចយកទៅពិចារណា និងស្វែងរកចម្លើយ ទាំងការយល់ដឹងទាំងផ្នត់គំនិត និងការពិចារណាទៅលើថា តើធ្វើដូចម្តេច និងធ្វើជាមួយអ្វី ទើបសម្រេចបានគោលដៅទាំងនេះ ដោយចងចាំថា អ្វីៗមិនអាចជបចេញនោះទេ មិនមែនគ្រាន់តែគិតស្រមៃ ឬគ្រាន់តែនិយាយនឹងបានផលនោះទេ ព្រោះអនាគតប្រទេស និងប្រជាជនសំខាន់ណាស់ ដោយមិនអាចអោយគិតជាលក្ខណៈសាមញ្ញ ហើយមិនបានគិតគូរអោយច្បាស់លាស់ លម្អិតនោះទេ ទាំងទ្រឹស្តី យុទ្ធសាស្រ្ត យុទ្ធវិធី។ ខ្ញុំក៏ដឹងថាមានអ្នកខ្លះទាំងខ្មែរ ទាំងបរទេសលើកឡើងគំនិតមួយចំនួនដែលទំនងហើយមានលក្ខណៈសាមញ្ញ តែគួរសួរថាតើគំនិតនេះអនុវត្តនៅក្នុងប្រទេសគេជាកញ្ចប់ ជាផ្នែក ឬគ្រាន់តែនិយាយថាបានអនុវត្តតែមិនមានសកម្មភាពជាក់លាក់នោះទេ។
បើដឹកនាំងាយស្រួល គ្រប់គ្នានៅក្នុងប្រទេសនីមួយៗ រៀងៗខ្លួន នឹងនៅដឹកនាំហើយមិនមែនមកផ្តល់យោបល់នៅក្រៅប្រទេស ហើយបើការដឹកនាំប្រទេសស្រួលគ្រប់ប្រទេសនៅលើលោកនឹងមានតែប្រទេសអភិវឌ្ឍន៍ និងមិនមានប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។
ជារួមការងារដែលត្រូវធ្វើមានច្រើនណាស់ហើយក៏មិនមានផ្លូវកាត់’short cut’នោះទេ ហើយការលះបង់គឺពិតជាត្រូវមាន បើយើងចង់ឃើញកម្ពុជាដែលរឹតតែប្រសើរ ពោរពេញដោយ សុខសន្តិភាព ស្តិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជនយើង។

តើចូលរួមយ៉ាងណា?
•រៀនសូត្រហ្វឹកហាត់សមត្ថភាពខ្លួនបន្ថែមជាប្រចាំ ដោយស្វែងយល់ឲ្យច្បាស់ពីចារឹកសង្គម នយោបាយខ្មែរ
•ចូលរួមថែរក្សាដើមឈើ និងផ្លែដែលយុវជនជំនាន់មុនបានដាំ ហើយដែលបានផលថ្ងៃនេះដោយឆ្លងកាត់ការលំបាករាប់មិនអស់
•ចូលរួមជួយថែរក្សា និងស្រោចទឹកដើមឈើដែលថ្នាក់ដឹកនាំបានដាំដើម្បីទទួលផលបន្តនាពេលអនាគត
•ចូលរួមគិតថា ដើមអ្វីត្រូវដាំបន្តដើម្បីកម្ពុជាមានសមត្ថភាពរឹតតែរឹងមាំ ទោះព្យុះដែលចេញពីក្នុង ឬក្រៅប្រទេសគឺមិនប៉ះពាល់ដល់សង្គមជាតិរបស់យើង៕

...

ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print