ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានឲ្យដឹងថា កងពលតូចលេខ៧០ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ប្រភេទ Astrazeneca ជូនកងទ័ព និងគ្រួសារកងទ័ព នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអះអាងទៀតថា ដំណើរការចាក់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ នៅកងពលតូចលេខ៧០នេះ នឹងត្រូវធ្វើឡើងរយៈពេល១សប្ដាហ៍ពេញ។ ការចាក់នេះធ្វើនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០, មូលដ្ឋានទ័ពរបស់កងពលតូចលេខ៧០ នៅខេត្តព្រះសីហនុ, តាមសាលា វរសេនាតូច, សាលាហ្វឹកហ្វឺនតេជោសែនភ្នំម្រះព្រៅ និងសាលាហ្វឹកហ្វឺនតេជោសែន ជុំគីរី។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ ចូលស្រុកខ្មែរវិញ។
ដោយឡែក ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ត្រូវប្រគល់សមត្ថកិច្ចជូនក្រសួងការពារជាតិ។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចហើយ។
ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ផងដែរ៕
ដោយ៖ សូរិយា