ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានសម្រេចដោះលែងជនសង្ស័យចំនួន ៣នាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនពាក់ព័ន្ធករណីបរិហារកេរ្តិ៍ ជាសាធារណៈ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាប់រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ហើយបានបញ្ជូនសំណុំរឿងទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត
ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ទី១.ឈ្មោះ មុំ សីហាក់ ភេទប្រុស អាយុ ៣០ឆ្នាំ , ទី២ ឈ្មោះ អ៊ិន រ៉ាយ ភេទប្រុស អាយុ ៣៩ ឆ្នាំ ,ទី៣. ឈ្មោះ ក្រឹម អាយុប្រហែល ២៥ ឆ្នាំ (រត់គេចខ្លួន), ទី ៤.ឈ្មោះ អ៊ិន សុផល ភេទប្រុស អាយុ ៣៧ ឆ្នាំ មេខ្លោងកាប់ព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ជនសង្ស័យទាំង ៣ នាក់នេះ គឺជាកម្មករ និងមេការបម្រើការងារក្នុងក្រុមហ៊ុនចំការចេកស្រុកបុរីអូរស្វាយសែនជ័យ។
របាយការណ៍ដដែល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចកងរាជអាវុធ ស្រុកបុរីអូរស្វាយសែនជ័យ បានទទួលពាក្យបណ្ដឹង ពីឈ្មោះ លី មីណា ជាអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានប្ដឹងមនុស្សមួយចំនួន ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ ជាសាធារណៈ ដែលអ្នកពាក់ព័ន្ធទាំងនោះ បានយកឈ្មោះតួនាទីអំណាចអភិបាលស្រុក ទៅកាប់រុករានព្រៃយកដីរបស់រដ្ឋដោយខុសច្បាប់។
គួរជម្រាបថា ជនសង្ស័យទាំង៣នាក់នេះ មាន ២នាក់ បានប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន។ សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធ ៣បទល្មើសទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
ក្រោយអយ្យការអមសាលាដំបូងខេត្ត បានចោទប្រកាន់មនុស្ស ៣នាក់ ចំនួន ៣បទល្មើសរួមមាន៖ បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ និងកាប់រុករាន ព្រៃយកដីរដ្ឋ ដោយខុសច្បាប់ បញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរជាបន្ត។ លុះនៅល្ងាចថ្ងៃដដែល ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចដោះលែងជនជាប់ចោទទាំង ៣នាក់នេះ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន៕
ដោយ៖សហការី