ក្រសួងការបរទេសមីយ៉ាន់ម៉ា បានប្រកាសថា ចិននឹងបញ្ជូនប្រាក់៦លានដុល្លារអាមេរិក ឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីអនុវត្តគម្រោងចំនួន ២១ កន្លែង។ ការផ្តល់ជំនួយខាងលើ គឺជាសញ្ញាបង្ហាញឲ្យឃើញថា មីយ៉ាន់ម៉ានិងចិន មានទំនាក់ទំនងយ៉ាងល្អប្រសើរឡើងវិញ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រីស៊ូជី កាលពីថ្ងៃទី១ខែកុម្ភៈ។
តាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៩ខែសីហា ជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អគ្គរដ្ឋទូតចិនក៏បានបញ្ជាក់ពីការផ្តល់ជំនួយនោះដែរ។ ក្រៅពីជំនួយជាទឹកប្រាក់ចិនក៏បានផ្តល់ជំនួយវ៉ាក់សាំងជាច្រើនដល់ប្រទេសនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត ។
ក្រុមអ្នកប្រឆាំងការដឹកនាំដោយយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ចិនគាំទ្រ ដល់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយបញ្ជាក់ថា ការខិតខំក្នុងទំនាក់ទំនងការបរទេសគឺដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងតំបន់។ ចំណែកបណ្តាប្រទេសលោកខាងលិចវិញ បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ដែលមានប្រាក់ជំនួយ៥០ លានដុល្លារដែលអាមេរិកប្រកាសនៅថ្ងៃទី ១០ ខែសីហាដើម្បីជួយទប់ស្កាត់វិបត្តិកាន់តែធ្ងន់បង្កឡើងដោយសារកូវីដ ១៩ ៕ ដោយ៖ធីរីណា