ខេត្តព្រះសីហនុ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។ នេះបេីយោងតាមរយៈការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែសីហា ឆ្នាំ២០២១។
ជាក់ស្ដែងគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរិះរកដំណោះស្រាយក្នុងការអភិវឌ្ឍខេត្ត ដែលគិតគូរពីសេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសង្គម។
នេះជាការលើកឡើង របស់លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងពិធីផ្សព្វផ្សាយបើកគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ រៀបចំឡើងនៅថ្ងៃពុធ ថ្ងៃទី១១ ខែសីហាម្សិលមិញនេះ តាមប្រព័ន្ធអនឡាញនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ មន្ទីរជំនាញ រដ្ឋបាលខេត្តព្រះសីហនុ វិស័យឯកជន តំណាងតំបន់សេដ្ឋកិច្ចពិសេស អង្គការសង្គមស៊ីវិល តំណាងសាកលវិទ្យាល័យ អ្នកជំនាញ និងអ្នកស្រាវជ្រាវ សរុបប្រមាណ៧០ រូប។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយគម្រោងខាងលើ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើផែនការសកម្មភាពរបស់គម្រោង ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការបណ្តុះបណ្តាល ស្តីពីដំណើរការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន ក្នុងវិស័យថាមពល ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល ការប្រើប្រាស់ទឹក សំណល់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតសំខាន់លើការកាត់បន្ថយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកទឹកចិត្តឲ្យមានមានការចូលរួមរបស់ស្ត្រីផងដែរ៕
ដោយ៖សហការី