ខេត្តកំពង់ស្ពឺ ៖ មានកម្មករ៣នាក់ស្លាប់ និងជាង២០នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តដឹកកម្មករ (ឡានកូរ៉េ ២,៥តោន) បានបុកជាមួយរថយន្តដឹកឥដ្ឋ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថៃ្ងទី១១ ខែសីហា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានករណីរថយន្តដឹកកម្មករបានបុកជាមួយរថយន្តដឹកឥដ្ឋ បណ្តាលឲ្យកម្មករ៣នាក់ស្លាប់ និងរងរបួសជាច្រើននាក់ នៅចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង។ រថយន្តដែលជួបគ្រោះថ្នាក់ខាងលើមានកម្មករ កម្មការិនី ជិះសរុប ៣៥នាក់ ហើយក្នុងឧបទ្ទវហេតុនេះបណ្ដាលឱ្យកម្មករស្លាប់ចំនួន៣នាក់ក្នុងនោះមានប្រុសម្នាក់ជិះនៅផ្នែកខាងក្រោយរថយន្ដ។
លោកបន្តថា ក្រៅពីអ្នកស្លាប់ក៏មានអ្នករបួសធ្ងន់១៧នាក់ របួសស្រាល៨នាក់ ក្នុងនោះមានតៃកុងរថយន្ដ២នាក់ ព្រូរថយន្ដម្នាក់ សរុបក្នុងហេតុការណ៍នោះមានអ្នករងរបួស២៨នាក់ ស្លាប់៣នាក់ ក្រៅពីនេះរបួសតិចតួច។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលបានស្ទួចយករថយន្តទាំង២គ្រឿងមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ដ៕
ដោយ៖ ជ្រោយពេជ្រ