ភ្នំពេញ, គម្រោងមាត្រា៦ ស្តីពីរចនាសម្ព័ន្ធពាណិជ្ជកម្មនៅកម្ពុជា ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារថាមពលស៊ុយអ៉ែត កំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតក្របខ័ណ្ឌអភិបាលកិច្ច និងបទបញ្ញត្តិបរិស្ថាន ដើម្បីចូលរួមរៀបចំក៏ដូចជាជួយសម្រួលដល់លំហូរឥណទានកាបូននៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា មានបទពិសោធន៍ ដែលទាក់ទងទៅនឹងការលក់ដូរឥណទានកាបូនកន្លងមក ក្រោមក្របខ័ណ្ឌ នៃ CDM, Gold Standard, JCM និង REDD+ជាដើម។
ក្រសួងបរិស្ថានបញ្ជាក់ថា, លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ថា មាត្រា៦ គឺជាក្របខ័ណ្ឌ ឬជាយន្តការណ៍ដែលនឹងអនុញ្ញាតឱ្យប្រទេសជាដៃគូមានលទ្ធភាពក្នុងការទទួលយកសក្តានុពលហិរញ្ញវត្ថុក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយយោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី “មាត្រា ៦៖ តួនាទីរបស់ឥណទានកាបូននៅក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់” ដែលបានរៀបចំឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយអង្គភាពតម្លៃកាបូនសកលរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងមូលនិធិ Gold Standard បានពិនិត្យមើលទៅលើការវិវត្តរបស់ទីផ្សារកាបូនសកល និងមើលទៅលើចំនុចរួមទៅថ្ងៃអនាគតរវាងស្តង់ដារមាស (Gold Standard) និងមាត្រា៦នេះ ព្រមទាំងមើលទៅលើភាពជាក់ស្តែងរបស់ឥណទានកាបូនតាមរូបភាពមាត្រា៦ និងមើលពីរបៀបដែលឥណទានអាកាសធាតុ អាចជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រអាកាសធាតុរបស់កម្ពុជា៕
ដោយ, សិលា