ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកម្លាំងដោយសហការជាមួយមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC)ចុះត្រួតពិនិត្យទីតាំងរករាវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយរកឃើញសរុបមានចំនួន២៦០គ្រាប់ ក្រោយពីប្រជាពលរដ្ឋជាម្ចាស់ទីតាំងនោះ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយចំនួន ខណៈកំពុងសាងសង់សរសរជើងតាងលំនៅឋាន ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅចំណុចភូមិឃុំខាងលើ កាលពីថ្ងៃទី១២ ខែសីហា.ឆ្នាំ២០២១ម្សិលមិញនេះ កម្លាំងនគរបាលស្រុកលើកដែក និងកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC)បានចុះមកពិនិត្យស្រាវជ្រាវរាវរកប្រទះឃើញគ្រាប់ចំនួន១៣៥គ្រាប់ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែលនេះ ក្រុមការងារជំនាញបានបន្តរាវរកទៀតរហូតរកឃើញសរុបបានចំនួន២៦០គ្រាប់តែម្ដង។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២៦០គ្រាប់នេះ គឺជាគ្រាប់ដែលសេសសល់ពីសម័យសង្រ្គាមមកម្លេះ គឺជាប្រភេទគ្រាប់ Mortar 60 mm , 82mm , 120mm និង ប្រភេទគ្រាប់ មិនធាក់ថយ Recoilless 75mm ។
លោកស្នងការបន្តថា យោងតាមការឲ្យដឹងពី
លោកស្រី ចឺយ រចនា អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទីតាំងដែលគាត់បានទិញដីនេះនៅក្នុងឆ្នាំ២០០៥ គាត់ក៏បានដឹង នៅម្តុំនេះមានគ្រាប់ជាច្រើន ដែលបានបន្សល់ទុកហើយនៅឆ្នាំ១៩៩៣ជំនាន់UNTAC ហើយខាងមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC)ក៏បានចុះមកប្រមូលម្តងដែលក្នុងរណ្តៅខាងក្រោយ ជម្រៅជាង២ម៉ែត្របានជាច្រើនគ្រាប់ ។បើយោងតាមការឲ្យដឹងតាមការឲ្យដឹងពីលោក ចាន់ សុន អាយុ៧៩ឆ្នាំ មន្រ្តីយោធាស្រុកលើកដែក ចូលនិវត្តន៍ និងជាអ្នករស់នៅទីនោះតាំងពីជំនាន់ លន់ ណុល មក និងបានចុះមកបង្ហាញទីតាំងផ្ទាល់បានបញ្ជាក់ថា ទីតាំងនេះជាកន្លែងឃ្លាំងគ្រាប់ របស់ទាហានខ្មែរក្រហម ដែលដឹកមកទុកនៅទីនេះជាច្រើន សម្រាប់វាយជាមួយកងទ័ពវៀតណាម៕