ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ស្ថិតនៅភូមិវាល ឃុំបុសមន ស្រុករំដួលខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលបើកម៉ូតូបង្កហេតុមានឈ្មោះលាស់ វណ្ណ អាយុ ៤៣ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរឈ្មោះ លាស់ វណ្ណា អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង ១G-៧០៤៣ បានខូចខាតយ៉ាងដំណំ។
ចំណែកភាគីរងគ្រោះមាន ឈ្មោះ គង់ វិជ្ជរ៉ា អាយុ ២២ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ មានទីលំនៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង ១G-៧០៤៣ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងមិនប្រកាន់ស្ដាំឡើយ ហើយបានទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង១A-១២១៤ដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ យកជនរងគ្រោះទាំង៣នាក់ទៅកាន់មន្ទីរពេទ្យ និងសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបុសមន ដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន