យ៉ាងហោចណាស់ក៏មានមនុស្ស ៤៧នាក់ស្លាប់ ក្នុងនោះមានពលរដ្ឋស្លូតត្រង់៣០ នាក់ និងទាហាន ១៧នាក់ ក្នុងការវាយប្រហារភេរវកម្មនៅ Burkina Faso កាលពីថ្ងៃទី ១៨ខែសីហា ។ ខ្មាន់កាំភ្លើងក្រុមភេរវកម្ម បានបើកការវាយប្រហារ ទៅលើក្បួនរថយន្ត ដែលមានការអមការពារពីកម្លាំងទាហាន នៅក្នុងខេត្ត Seno ស្ថិតនៅភាគខាងជើង Burkina Faso ដែលជាតំបន់ត្រីកោណ ជាប់ព្រំដែនប្រទេស ម៉ាលី និងនីហ្សេ (Niger) ។
ក្រៅពីអ្នកស្លាប់ ៤៧នាក់ នៅមានមនុស្ស១៩នាក់ផ្សេងទៀតរងរបួស ។ ក្រោយការវាយប្រហារ កម្លាំងទាហានរដ្ឋាភិបាលបានវាយបកទៅលើទីតាំងក្រុមភេរវកម្ម សម្លាប់ក្រុមភេរវកម្ម ៥៨ នាក់ផងដែរ។
នេះជាការវាយប្រហារបង្ហូរឈាមទ្រង់ទ្រាយធំទី៣នៅក្នុងប្រទេសនេះ បង្កឡើងដោយក្រុមភេរវកម្ម សំដៅទៅលើទាហាន Burkina Faso ។ នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៤ខែសីហា ក៏បានសម្លាប់មនុស្ស ៣០នាក់ផងដែរ ។
ប្រធានាធិបតី Burkina Faso បានប្រកាសកាន់ទុក្ខទូទាំងប្រទេស រយៈពេល៣ថ្ងៃ ដល់ជនរងគ្រោះនៅក្នុងការវាយប្រហារភេវកម្មខាងលើ៕ ដោយ៖សាធី
ទាហានBurkina Faso។ រូបថត៖ FT