ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបុរសរូបនេះផឹកទឹកត្នោតជូរអស់ ៥លីត្រ កើតរោគប្រច័ណ្ឌ ប្រពន្ធក៏វាយ៣ដៃ ខណៈប្រពន្ធកំពុងនៅផ្ទះអ្នកជិតខាង ។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ចំណុចផ្ទះអ្នកភូមិផងរបងជាមួយ ស្ថិតក្នុងភូមិអូរតូង សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ។
នគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា បុរសដែលប្រើអំពើហឹង្សាក្នុងគ្រួសារត្រូវបានឃាត់ខ្លួនឈ្មោះ កែម មាំ អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ។ ប្រភពពីនគរបាលក្រុងបន្ដថា ការឃាត់ខ្លួនបុរសសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្ដឹងពីស្ដ្រីរងរបួសឈ្មោះ ភឹម ធាង អាយុ ២៨ឆ្នាំ ប្តឹងថា ប្តីរបស់គាត់ បានដាល់ ចំនួន ៣ដៃ ខណៈគាត់នៅផ្ទះបងប្អូនក្បែរគ្នា ក្រោយពេលលោកប្ដីប្រម៉ឹកមកពីផឹកទឹកត្នោតជូរជាមួយមិត្តភ័ក្ដ ២.៣នាក់ អស់ប្រហែល ៥លីត្រ ។
ប្រភពដដែលបន្តទៀតថា នៅក្នុងពាក្យបណ្ដឹងរបស់ ប្រពន្ធ សុំឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យទៅតាមច្បាប់ព្រោះមួយរយៈនេះ ប្ដីប្រម៉ឹកនេះ តែងតែផឹកស៊ីហើយរករឿងគាត់និងកូន វាយចានវាយឆ្នាំង ហើយពេលនេះបាន វាយគាត់ ឱ្យរងរបួសធ្ងន់ថែមទៀត ។
ប្រភពបញ្ជាក់ ថា បញ្ហាឃាត់ខ្លួនបុរសប្រើអំពើហឹង្សាក្នុងគ្រួសារខាងលើសមត្ថកិច្ចកំពុងសួរនាំបន្តនៅឡើយ នៅរសៀលថ្ងៃទី២៦ ខែមីនានេះ ។
ដោយ៖ ប៉ឹម ពិន