ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោក ដាតូ លឹម ចុក ហយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយរដ្ឋមន្ត្រីការបរទេស និងតំណាង នៃប្រទេសជាសមាជិកអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមក្នុងសន្និសីទដើម្បីកៀរគរជំនួយ មនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។ តំណាងនៃប្រទេសដៃគូខាងក្រៅរបស់ អាស៊ាន និងបណ្តាប្រទេសជាមិត្ត ក៏បានអញ្ជើញចូលរួមក្នុងសន្និសីទនេះផងដែរ។
លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការ គ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) បានធ្វើបទបង្ហាញអំពីវិធីសាស្ត្រ២កម្រិត នៅក្នុងការផ្តល់ ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា រួមមាន ការសង្គ្រោះជីវិត នៅដំណាក់កាលទី១ និង ការ ទ្រទ្រង់ជីវិត នៅដំណាក់កាលទី២ ។ សន្និសីទបានសង្កត់ធ្ងន់អំពីការដឹកជញ្ជូនជំនួយជាបន្ទាន់ និង ដែលមានការសម្របសម្រួលយ៉ាងល្អ ទៅកាន់សេវាសុខាភិបាលនៅមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីក រាលដាលនៃវីរុស និងផ្ដល់ការថែទាំចាំបាច់ដល់អ្នកដែលបានឆ្លងជំងឺ និងដើម្បីជួយសម្រាលការ លំបាកនៃសហគមន៍នានាដែលងាយរងគ្រោះ និងនៅតំបន់ដាច់ស្រយាល។ អ្នកចូលរួមនៅក្នុង សន្និសីទ បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកៀរគរជំនួយ មនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ស្របទៅតាមចំណុចទី៤ នៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែល ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ អង្គសន្និសីទ បានធ្វើការសន្យាចូលរួមចំណែកជាមួយកញ្ចប់ហិរញ្ញវត្ថុដ៏សំខាន់ និងជំនួយសប្បុរស រួមមាន វ៉ាក់សាំង ជាដើម ដោយផ្តោតជាសំខាន់សម្រាប់ដំណើរប្រតិបត្តិការនៃជំនួយនៅដំណាក់កាលទី១។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គសន្និសីទអំពីការចូលរួមចំណែករបស់ កម្ពុជា ជាថវិកាចំនួន១០០.០០០ (១០ម៉ឺន) ដុល្លារអាមេរិក ដើម្បីគាំទ្រជំនួយមនុស្សធម៌ដល់ ប្រទេសមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការ គ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពី ការជួយឧបត្ថម្ភគាំទ្រយ៉ាងឆាប់រហ័សរបស់កម្ពុជាដល់កិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ានមានដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ម៉ាស់ ចំនួន២លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដែលបានផ្តល់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងការរួមចំណែកបន្ថែមទៀតនៅមុនពេលនៃសន្និសីទ នេះ រួមមាន ជាថវិកាចំនួន២០០.០០០ (២០ម៉ឺន) ដុល្លារអាមេរិក និងជាឧបករណ៍វេជ្ជសាស្ត្រ ដូចជា ម៉ាស់ចំនួន៣លាន ឧបករណ៍ធ្វើតេស្ដរហ័សចំនួន៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព | PPE ចំនួន២,០០០ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ ចំនួន១០០គ្រឿង ម៉ាស៊ីនជំនួយដក ដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន២០គ្រឿង ដែលបានបញ្ជូនទៅដល់នៅ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១។ បន្ថែមលើនេះ កាកបាទក្រហមកម្ពុជា ក៏នឹងបរិច្ចាគថវិកា ចំនួន ១០០.០០០ (១០ម៉ឺន) ដុល្លារអាមេរិក ដល់សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា (Myanmar Red Cross Society) ផងដែរ៕
ដោយ៖ សិលា