ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)តាមប្រព័ន្ធវីដេអូពីចម្ងាយ

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីបណ្តាដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទ បង្ហាញពីវឌ្ឈនភាពនៃគម្រោងកំពុងសាងសង់ និងនាពេលអនាគតនៅកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការក្រសួង​ កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការចូលរួមធ្វើ បទបង្ហាញពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជំនាញ ការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្ថានទូត និង តំណាងដៃគូអភិវឌ្ឍន៍នានាផងដែរ។

អង្គប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងវិស័យផ្លូវជនបទ វឌ្ឍនភាពគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី របាយការណ៍វឌ្ឍនភាពស្តីពីសកម្មភាពការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ការបោះពុម្ភផ្សាយស្ដីពីទស្សនទានវិស័យហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាគាររដ្ឋបាលស្ទឹងបត់និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ ការអភិវឌ្ឍន៍វិស័យភស្តុភាកម្ម និងវឌ្ឍនភាពក្របខ័ណ្ឌអភិវឌ្ឍន៍ភាពជាដៃគូរដ្ឋ និងឯកជន។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោង ពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិនិងស្ពានសំខាន់ៗ និងគម្រោងនាពេលអនាគត ក្នុងនោះរួមមាន៖ គម្រោងពង្រីកនិងលើកកំពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ និង២២ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ១០ ការបញ្ចប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ការបញ្ចប់ការ ចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ដែលគ្រោងនឹងបើក ការដ្ឋាននៅចុងឆ្នាំនេះ។

ជាមួយគ្នានេះ​ លោក​ទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីគម្រោងលើកកម្ពស់គុណភាពផ្លូវពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) ដែលរួមមានដូចជា៖ ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ៣ទៅស្រុកកំពង់ត្រាច និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច ហើយគម្រោងលើកកម្ពស់គុណភាព ផ្លូវទាំងបីខ្សែ នេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ នៅរង់ចាំរៀបចំបើកការដ្ឋានសាងសង់នាពេល ខាងមុខប៉ុណ្ណោះ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី​ បានឱ្យដឹងថា៖ ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បានបញ្ចប់ការសិក្សាគម្រោងផ្លូវ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២២ និងកំពុងសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ(BOT) បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុចំនួន៣៤ខ្សែ និង គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ ពេលនេះសម្រេចបានប្រមាណ៧០% និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។

ដោយឡែកទាក់ទងនឹងការដឹកជញ្ជូនផ្លូវដែក លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ ទំហំនៃការដឹក ជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកទេសរដ្ឋមន្ត្រី ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើងដើម្បី កាត់បន្ថយការខូចខាតផ្លូវថ្នល់ ដោយស្របពេលជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(JICA) ដែលបានគាំទ្រដល់គម្រោងសិក្សាលទ្ធភាពសាងសង់ចំណតកំពង់ផែ កុងតឺន័រថ្មីជម្រៅ១៤ម៉ែត្រកន្លះ នៅកំពង់ផែក្រុងព្រះសីហនុ ដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅ តំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន និងបានជម្រាបជូនផងដែរអំពីគម្រោងពង្រីកសមត្ថភាពកំពង់ផែ មួយចំនួនផ្សេងទៀតរួមមាន៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវទឹក។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុម ការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមចំណែកក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print