នគរបាលការពារព្រំដែនគោកលេខ៩១១និងលេខ៨៩១ធ្វើតេស្តរកមេរោគកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្រុមគ្រូពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១-៨៩១។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ខែសីហា ឆ្នាំ ២០២១ បានបញ្ជូនមន្ត្រីនគរបាលការិយាល័យ សុខាភិបាល ចំនួន០២ក្រុម មួយក្រុមដឹកនាំដោយលោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល និងមួយក្រុមទៀត ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុក សុវណ្ណ នាយរងការិយាល័យ សុខាភិបាល ចុះពិនិត្យយកសំណាក ដល់កងកម្លាំងនគរបាលជួរមុខនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១និង៨៩១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទថ្មី ( DELTA ) ។
លោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី បានឲ្យដឹងថា៖ដោយមានការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក្នុងការពង្រឹងលើការទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មី ( DELTA ) ពិសេសកងកម្លាំងនគរបាលជួរមុខវរសេនាតូចការពារព្រំដែនគោកទាំង០៤ កំពុងប្រតិបត្តិការតាមបន្ទាត់ព្រំដែន ។
នៅថ្ងៃនេះលោកឧត្តមសេនីយ៍ស្នងការបានបញ្ជូនមន្ត្រី ក្រុមគ្រូពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០២ក្រុម ចុះពិនិត្យយកសំណាករកមេរោគ កូវីដ-១៩ ដល់មន្ត្រីនគរបាលនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១និង៨៩១ ដែលនេះគឺជាលើកទី៣ហើយដែរ ក្នុងការចុះយកសំណាកមន្ត្រីនគរបាលវរសេនាតូចទាំង២ វរៈនេះ ។ចំណែកឯ០២វរសេនាតូចការពារព្រំដែនគោកលេខ៨០៧និង៨១៥ ក្រុមគ្រូពេទ្យនឹងបន្តចុះយកសំណាកបន្ថែមទៀត នៅពេលមានការណែនាំពីលោកឧត្តមសេនីយ៍ស្នងការ ។
លោកស្រី នាយការិយាល័យ បានបញ្ជាក់ថា៖ ក្នុងការចុះយកសំណាកនេះនៅវរសេនាតូចនគរ​បាលការពារព្រំដែនគោកលេខ៨៩១ មានមន្ត្រីនគរបាលចំនួន១៦១នាក់ ស្រី៧នាក់ និងវរសេនាតូចការពារព្រំដែនគោកលេខ៩១១ មានមន្ត្រីនគរបាលចំនួន១៥៣នាក់ ស្រី៤នាក់ សរុបទាំងអស់៣១៤នាក់ ស្រី១១នាក់ ។ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ។
លោកបានជំរុញក៏ដូចជាក្រើនរំលឹកដល់មន្ត្រីនគរបាលដែលបានពិនិត្យយកសំណាកឃើញថាអវិជ្ជមាននោះ មិនត្រូវធ្វេស​ប្រហែសនោះឡើយ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខភាព មានអនាម័យល្អ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំ ពិសេសគឺវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕​

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print