ខេត្តកណ្ដាល៖ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «ជំរាបសួរលោកពូស្នងការ នៅក្បែរផ្ទះខ្ញុំចាក់ធុងបាស់លឺៗ ហើយគាត់ចាក់ធុងបាសនេះ ស្ទើរតែរាល់ថ្ងៃ ហើយបើកលឺៗ មិនគិតដល់អ្នកជិតខាងសោះ គាត់ចាក់ធុងបាស់នេះពេលល្ងាច លឺខ្លាំងៗ។
សូមលោកពូស្នងការជួយកុំគាត់ចាក់ទៀតអី ស្ថិតនៅ ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្ដកណា្ដល ផ្ទះអ្នកចាក់ធុងបាស ឈ្មោះ អ្នកគ្រូវ៉ាន់នី គាត់ជាគ្រូបង្រៀន សូមអរគុណ »។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ចុះស្រាវជ្រាវករណីខាងលើ ។
ជាលទ្ធផល៖ នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព. ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣,០០នាទី រសៀល កម្លាំងប៉ុស្តិ៍ពុកឫស្សីបានចុះទៅដល់ផ្ទះអ្នកគ្រូ វ៉ាន់នី និងប្តីឈ្មោះ សុង សុផុន នៅភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ហើយបានសួរនាំ ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា៖ គាត់ចាក់បាសមិនមែនរាល់ថ្ងៃទេ ចាក់តែពេលព្រឹក និងពេលល្ងាចមួយភ្លែតៗទេ តែចាក់រៀងលឺៗមែន។
បន្ទាប់មកកម្លាំងប៉ុស្តិ៍ពុកឫស្សី បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ផ្ទះខាងលើ ចាក់បាស់ត្រូវបើកសម្លេងលឺល្មមៗអាចស្តាប់បាន ហាមបើកលឺៗ និងចាក់ត្រូវមានពេលវេលាកំណត់ ដើម្បីកុំប៉ះពាល់ដល់សិទ្ធអ្នកជិតខាង ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី