គិតត្រឹមថ្ងៃទី ២០ខែសីហា ថៃមានករណីឆ្លងកូវីដ១៩ឈានដល់១លាននាក់ ហើយ៩៧%អ្នកឆ្លងកូវីដ១៩ កើនឡើងក្នុងរយៈពេលតែ ៥ ខែប៉ុណ្ណោះ ។
ក្រសួងសុខាភិបាលថៃ បានប្រកាសថានៅថ្ងៃទី ២០ខែសីហា ថាមានករណីឆ្លងកូវីដ ១៩ ចំនួនជាង ១៩៨០០នាក់ និងស្លាប់ ២៤០នាក់ ហើយអ្នកជំងឺស្លាប់មានអាយុចាប់ពី ៣ដល់៩៣ឆ្នាំ ។ សរុបអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសថៃ កើនឡើងដល់ទៅ 1.009.710នាក់ និងស្លាប់8.826នាក់។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺអ្នកឆ្លងកូវីដ១៩ភាគច្រើនកើតឡើងក្នុងរយៈពេល ៥ខែចុងក្រោយនេះ។
ការឆ្លងកូវីដ ១៩ កើតឡើង នៅខែមេសា ដោយភាគច្រើនឆ្លងកូវីដបម្លែងថ្មី អាលផា Alpha និង Delta ខណៈចំនួនពលរដ្ឋចាក់វ៉ាក់សាំងនៅថៃមានតិចនៅឡើយទេ។ មកទល់ពេលនេះថៃ ទទួលបានការចាក់វ៉ាក់សាំងទើបតែ ៨,៣%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋ ៦៦លាននាក់ ដែលបានចាក់គ្រាប់ចំនួនពីរដូស ។ ចំនួនអ្នកស្លាប់ដល់ទៅ២/៣នាពេលកន្លងមក គឺមិនទាន់ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ នៅឡើយទេ ។ ចាប់ពីថ្ងៃទី ២៥ខែកក្កដា ដល់ថ្ងៃទី១៩ខែមេសា ថៃមានករណីស្លាប់ដល់ទៅ ៤៦៥៦នាក់ ក្នុងនោះអ្នកស្លាប់ជិត៣០០០នាក់មិនទាន់ចាក់វ៉ាក់សាំង ៕ ដោយ៖សាធី
មជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅប្រទេសថៃ។
រូបភាព៖ Bangkok Post