ប្រទេសថៃនៅថ្ងៃទី២១ខែសីហានេះបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២០,៥៧១ករណី និងស្លាប់ ២៦១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង១លាននាក់ហើយ។ មន្ត្រីរដ្ឋាភិបាលថៃបានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសនេះមានសញ្ញានៅនឹង មិនកើនឡើងខ្ពស់ដូចការព្យាករថានឹងមានអ្នកឆ្លងរហូតដល់ទៅ៤ម៉ឺននាក់នោះទេ។ ជាច្រើនថ្ងៃកន្លងមក មានអ្នកឆ្លងនៅក្នុងប្រទេសថៃ ស្ថិតនៅរង្វង់២ម៉ឺននាក់តែប៉ុណ្ណោះ ។ លោកស្រី Apisamai Srirangson អ្នកនាំពាក្យគណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ CCSA បានបញ្ជាក់ថា ករណីឆ្លងថ្មីមិនស្ថិតនៅក្នុងទម្រង់ឡើងត្រង់ដូចមុនឡើយ ដោយពេលនេះអ្នកឆ្លងមានសញ្ញាថយចុះ។ ជាមួយគ្នានេះដែរ លោកស្រី Apisamai Srirangson បញ្ជាក់ថា ការធ្វើចត្តាឡីស័កតាមផ្ទះគឺ ជួយសម្រាលដល់គ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ ។ ជាមួយគ្នានេះដែរ បណ្ឌិត Kampanat Porn-yotkrai បានលើកឡើងថា រលកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ បានឆ្លងផុតដំណាក់កាលកំពូលហើយ ។ ប៉ុន្តែលោកបញ្ជាក់ថា ការឆ្លងកូវីដ-១៩ នៅបន្តអូសបន្លាយយ៉ាងយូរទៀត។ លោកបន្តទៀតថា ការឆ្លងកូវីដ-១៩ បំប្លែងថ្មី(ដែលតា)នៅក្នុងប្រទេសឥណ្ឌា មានដល់ទៅជាង៤សែននាក់ក្នុងមួយថ្ងៃ ហើយក៏ឆាប់ធ្លាក់ចុះវិញផងដែរ ។ ចំណែកប្រទេសថៃវិញ ក៏បានឆ្លងផុតចំណុចកំពូលដែរ ដែលមានអ្នកឆ្លងជាង២៣ពាន់នាក់ ក្នុងមួយថ្ងៃ ហើយពេលនេះមានករណីឆ្លងថយចុះបន្តិចម្តងៗ។ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១,០៣០,២៨១ករណី ក្នុងនោះមានអ្នកស្លាប់ ៩,០៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨១៨,៩៦៤នាក់៕ដោយ៖ធីរីណា
រូបថត៖Reuters.
រូបថត៖THX/VNA