ខេត្តបាត់ដំបង ,នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញចុះផ្ទាល់ដល់ចំការមៀន និងតាង៉ែន ប្រជាពលរដ្ឋ នៅចំណុចទឹកចេញ ស្ថិតក្នុងភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ដើម្បីប្រមូលទិញផ្លែមៀន ពីកសិករម្ចាស់ចំការផ្ទាល់តែម្តង ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សុង សុភ័ក្រ អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុន និងលោកអភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ កាលពីថ្ងៃម្សិលមុិញ បានចុះទៅដល់ចំការមៀន ឬតាង៉ែននៅស្រុកសំឡូតខេត្តបាត់ដំបងដោយផ្ទាល់ ដើម្បីប្រមូលទិញពីបងប្អូនប្រជាកសិករតាមចំការ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅប្រទេសថៃ ដោយសារការឆ្លងរីករាលដាល នៃជំងឺកូវី១៩ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែល សម្តេចប្រមូលទិញ ពីកសិករ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ផងដែរ។
តាមរយៈការគិតគូរខ្ពស់ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការប្រមូលទិញផ្លែមៀន ឬផ្លែតាង៉ែនពីប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃ គេសង្កេតឃើញថា, ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកវិនិយោគទុនក្នុងស្រុក អាជ្ញាធររាជធានី- ខេត្ត សប្បុរសជន ក្រុមសិល្បករ ។ល។ បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញផ្លែមៀនឬផ្លែតាង៉ែនពីប្រជាពលរដ្ឋ យកមកចែកជូនបងប្អូន កងទ័ព មន្ត្រីរាជការ គ្រូពេទ្យ អ្នកជំងឺ នៅតាមបណ្ដាខេត្តមួយចំនួន និងតាមមន្ទីរពេទ្យ ដែលបង្ហាញអំពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់គ្នាក្នុងគ្រាលំបាក ខ្មែររូបរួមគ្នា ខ្មែរទទួលបានជ័យជំនះ ក្រោមដំបូល(សន្តិភាព) ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលប្រជាពលរដ្ឋតែងចាត់ទុកថា(បិតាសន្តិភាព) ៕
ដោយ, សិលា