ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបែងចែកការដឹកនាំ និងការគ្រប់គ្រងជូនថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ Zoom។
នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានលេីកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់សមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ ត្រូវខិតខំសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស គឺរក្សា និងពង្រីកភាពឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដើម្បីឈានទៅសម្រចជោគជ័យក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ ដោយត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើឲ្យប្រជាពលរដ្ឋយល់ច្បាស់អំពីមាគ៌ានយោបាយ តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលគណបក្សបានសម្រេចជូនជាតិរយៈពេល៤៣ឆ្នាំមកនេះ រួមទាំងសមិទ្ធផលគ្រប់វិស័យនៅមូលដ្ឋានឃុំ-សង្កាត់នីមួយៗ, គោលនយោបាយរបស់គណបក្សដើម្បីបន្តការអភិវឌ្ឍឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ និងការខិតខំរបស់គណបក្សដើម្បីរក្សាស្ថេរភាពសង្គម សេដ្ឋកិច្ច ក្នុងបរិបទកូវីដ-១៩។ ឈរលើមូលដ្ឋាននេះ នឹងបង្កើននូវជំនឿ និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកប្រធាន លើកឡើងបន្តថា ត្រូវជំរុញសកម្មភាពឃោសនាតាមគ្រប់រូបភាពដោយផ្អែកលើអំពើល្អ សច្ចធ៌ម និងភាពយុត្តធ៌មរបស់គណបក្ស ការពារចំណុចខ្លាំងរបស់គណបក្ស រក្សាខ្ជាប់ចរិតមហាជន ហើយឆ្លើយតបឲ្យបានរហ័សនូវការឃោសនាបែបអកុសលដែលវាយប្រហារមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងបេក្ខជនរបស់យើង។ ត្រូវប្រមូលផ្តុំប្រើប្រាស់កម្លាំង មធ្យោបាយ និងវិធានការសរុប ដើម្បីជំរុញការឃោសនាដល់គ្រប់ស្រទាប់មហាជន ឱ្យបានខ្លាំងក្លា ព្រមៗគ្នា និងប្រសិទ្ធភាព។ ជាមួយគ្នានេះ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធ៌មនៃការបោះឆ្នោត ចូលរួមឲ្យសកម្មដើម្បីសម្រេចបានការបោះឆ្នោតប្រកបដោយលក្ខណៈសេរី និងយុត្តិធ៌ម។
ដើម្បីជាសក្ខីភាព ឆ្លើយតបទៅនឹងទំនុកចិត្តនៃការប្រគល់ភារកិច្ចថ្មី និងក្នុងស្មារតីដ៏មុតមាំ សមាជិក សមាជិកាជាថ្នាក់ដឹកនាំ បានប្តេជ្ញា ក្នុងការសម្រេចភារកិច្ចជូនគណបក្ស ដោយប្តេជ្ញាបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ក្នុងការអនុវត្តភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវភាពឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ៕
ដោយ៖សហការី