ភ្នំពេញ, រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ផ្នែកការិយាល័យជួរមុខ សម្រាប់ខេត្តមណ្ឌលគិរី តាមប្រព័ន្ធអនឡាញ និង Hybrid សំដៅជំរុញការបណ្តុះបណ្តាលស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ៨ម៉ឺននាក់ សម្រាប់ទទួលទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរក្នុងស្រុកប្រមាណ ២លាននាក់។
សូមបញ្ជាក់ថា, វគ្គបណ្តុះបណ្តាលនេះមានអ្នកដាក់ពាក្យសរុប ៤៣រូប និងជាប់ស្របតាមលក្ខខណ្ឌជ្រើសរើសចំនួន២៧ ដើម្បីទទួលបានការបណ្តុះបណ្តាលលើវីធីសាស្ត្របង្រៀន និងជំនាញបច្ចេកទេស ដើម្បីអាចក្លាយជាគ្រូបង្គោល ហូកា ដែលអាបណ្តុះបណ្តាលបន្តនៅភូមិភាកឦសាន្ត។
កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ (២០២០ – ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ក្នុងសម្ព័ន្ធជាមួយ INBASនិងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍៕
ដោយ, សិលា