រថយន្តហាយឡេនឌ័របុកម៉ូតូម៉ាក XR នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបាក់ជើងម្ខាងរួចហើយបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីបុរសរងគ្រោះរូបនេះជិះម៉ូតូធុនធំម៉ាក XR មួយគ្រឿងហើយត្រូវរថយន្តហាយឡេនឌ័របុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះមានឈ្មោះ វ៉ន សុផល ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នមកស្នាក់នៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2R-7383 បើកតាមបណ្ដោយផ្លូវលេខ១១៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកXR ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AY-4000 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិចចំពីចំហៀងខាងខាងមុខ បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវដួលបោកនឹងថ្នល់ធ្វេីឲ្យជនរងគ្រោះបាក់ជើងស្តាំម្ខាងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មករថយន្តសង្គ្រោះមិនទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗទេ ទាល់តែអ្នកនៅទីនោះជំរុញខ្លាំងទើបដឹកយកទៅសង្គ្រោះតែដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់នៅឯមន្ទីរពេទ្យ​ទៅ ហើយបន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ក៏បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់​ ។ ដោយឡែកសពជនរងគ្រោះ​ សមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

 

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print