ភ្នំពេញ៖ លោក ថេង សុថុល បានលើកឡើងថា
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរ ដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់នឹងកាត់ផ្ដាច់ឱ្យបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានលើកឡើងបែបនេះក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាតសរុប ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន អភិបាលរង មន្ត្រីនៃរដ្ឋបាលខណ្ឌ-សង្កាត់ផងដែរ ។
នៅក្នុងឱកាសនេះ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯ,ឧ ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរឲ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ បើមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។
លោកប្រធានអនុសាខា ក៏បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។
អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ, មី, ទឹកស៊ីអ៉ីវ, ទឹកត្រី, ម៉ាស និងថវិកាមួយចំនួន ៕
ដោយ៖ ជីណា