ភ្នំពេញ៖ បេីយោងរបាយការណ៍របស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ ត្រង់ចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ប្លន់)។
របាយការណ៍ដដែល បន្តថា ជនសង្ស័យមាមឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
ប្រភពដដែល បានបន្ថែមទៀតថា ប្រតិបត្តិការនេះដឹកនាំដោយមានការបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ការិយាល័យជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦ និង៣០នាទី ជនរងគ្រោះឈ្មោះ ម៉ុម ថាណូ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បានជិះរថយន្តម៉ាក ហាយឡេនឌ័រ ព៌ណទឹកប្រាក់ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ២AW-៩៧៣៨ ចេញពីផ្ទះ ដេីម្បីទៅហូបគុយទាវនៅម្តុំផ្សារឈូកមាស ជាមួយឈ្មោះ ណាំង វិល័យ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ឯក សុខន ភេទប្រុស អាយុ៥៩ឆ្នាំ។
ក្រោយមកនៅវេលាម៉ោង០៩ និង០០នាទី ជនរងគ្រោះបេីករថយន្តម្នាក់ឯងទៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ចំណុចកេីតហេតុ) ចំែណកឈ្មោះ ណាំង វិល័យ និងឈ្មោះ ឯក សុខន ជិះរថយន្ត០១គ្រឿងទៀត ទៅតាមក្រោយ នៅពេលដែលអ្នកទាំងពីរបានទៅដល់ដីឡូតិ៍របស់ជនរងគ្រោះ ដោយសុីផ្លេររថយន្តអោយបេីកទ្វាររបង តែជនរងគ្រោះបានស្រែកហៅអោយជួយផងបែកក្បាលហូរឈាមឈឺណាស់ ភ្លាមនោះឈ្មោះ ណាំង វិល័យ បានស្រែកហៅកម្មករម្នាក់អោយផ្លោះរបងចូលក្នុងដីឡូតិ៍ វាយផ្តាច់មេសោ ហេីយបានជួយជនរងគ្រោះទៅព្យាបាលនៅគ្លីនិច រ៉េមប៉ូ ។
ចំណែកសម្ភារបាត់បង់ រួមមាន៖ ចិញ្ជៀនត្បូងពេជ្រ០១វង់ , ទូរសព្ទម៉ាក សាំសុងអេច៩ មួយគ្រឿង និងម៉ាកអូប៉ូមួយគ្រឿង ។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅង៉ោល ធ្លាប់មានប្រវត្តិសកម្មភាពលួចរថយន្ត ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងបានជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំកន្លះ និងបានចេញនៅខែកក្កដា ឆ្នាំ២០២១ ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖សហការី