កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៤ត្រូវបានបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៤ (The 24th ASEAN Directors-General of Immigration Departments and Heads of Consular Affairs Divisions of Ministry of Foreign Affairs -DGICM) តាមប្រព័ន្ធអនឡាញត្រូវបានបញ្ចប់​ នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហា ឆ្នាំ២០២១។

តំណាងប្រទេសកម្ពុជា គឺមានលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងលោក កែរ វិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៤ តាមរយ:ប្រព័ន្ធវីដេអូនេះ ។

កិច្ចប្រជុំ DGICM នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២១ គឺមានមានការចូលរួមពីថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងតំណាងក្រសួងការបរទេស នៃប្រទេស អាស៊ានទាំង១០ រួមនឹងលេខាធិការដ្ឋានអាស៊ាន និងភាគីអូស្ត្រាលី ក្នុងនាមជាដៃគូប្រឹក្សាយោបល់។

អង្គប្រជុំបានធ្វើការចែករំលែកបទពិសោធន៍ល្អៗរួមមាន៖ ការគ្រប់គ្រងដំណើរចូល ចេញប្រទេស និងសកម្មភាពឆ្លងកាត់ព្រំដែន ក្នុងបរិបទការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងផែនការអនុវត្តសម្រាប់ការស្តារឡើងវិញ ក្នុងក្របខណ្ឌអាស៊ានក្រោយវិបត្តនៃជម្ងឺកូវីដ-១៩ ព្រមទាំងយន្តការគ្រប់គ្រងអន្តោប្រវេសន៍មួយចំនួនទៀត ពិសេសជំរុញការលើកកំពស់មធ្យោបាយទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មានជំនាញ សំដៅធ្វើយ៉ាងណារួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានការគំរាមគំហែងភេរវកម្ម ឧក្រឹដ្ឋកម្មឆ្លងដែន និងបទល្មើសដទៃទៀត។

ជាការចូលរួម អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានគូសបញ្ជាក់ជូនអង្គប្រជុំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក្នុងការគ្រប់គ្រងដំណើរចូល ចេញប្រទេស ការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវវិធានសុខាភិបាលដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅកម្ពុជា ក្នុងឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១ កន្លងមកនេះ។

ដូចកិច្ចប្រជុំមុនៗដែរ តំណាងក្រសួងការបរទេសអូស្ត្រាលី ក៏បានចូលរួមកិច្ចប្រជុំ និងបានដាក់ជូនកម្មវិធីការងារ សម្រាប់ឆ្នាំ២០២១-២០២២ (2021-2022 ASEAN-Australia Program of Work) ក្នុងគោលបំណងសហការជាមួយប្រទេសអាស៊ាន ដើម្បីលើកកំពស់សមត្ថភាពជំនាញគ្រប់គ្រងអន្តោប្រវេសន៍ តាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាលជំនាញចាំបាច់នានា សម្រាប់អាស៊ាន។

អង្គប្រជុំបានឯកភាពគ្នា បន្តជំរុញលើកកំពស់កិច្ចសហការគ្នាឲ្យបានកាន់តែប្រសើរ និងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាសមាជិក និងតំបន់អាស៊ានទាំងមូល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print